15 លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន
16 ហើយសាផាននាំយកទៅថ្វាយដល់ស្តេច ទូលថា ឯការទាំងអស់ដែលទ្រង់បានប្រគល់ដល់ពួកអ្នកបំរើទ្រង់ នោះគេកំពុងតែធ្វើហើយ
17 គេបានចាក់ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញ ប្រគល់ទៅក្នុងអំណាចនៃពួកមេជាង និងពួកជាងធ្វើការ
18 រួចស្មៀនសាផានទូលទៀតថា ហ៊ីលគីយ៉ាដ៏ជាសង្ឃបានប្រគល់គម្ពីរនេះមកទូលបង្គំ ហើយសាផានក៏អានមើលក្នុងគម្ពីរនោះថ្វាយស្តេច។
19 កាលស្តេចទ្រង់ឮពាក្យរបស់ក្រឹត្យវិន័យហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រ
20 ហើយបង្គាប់ដល់ហ៊ីលគីយ៉ា អ័ហ៊ីកាម ជាកូនសាផាន អាបដូន ជាកូនមីកាយ៉ា ស្មៀនសាផាន និងអ័សាយ៉ា ជាអ្នកជំនិតទ្រង់ថា
21 ចូរទៅសួរដល់ព្រះយេហូវ៉ាឲ្យយើង និងពួកអ្នកដែលសល់នៅក្នុងពួកអ៊ីស្រាអែល ហើយនឹងពួកយូដា ឲ្យយើងបានដឹងពីដំណើរពាក្យនៃគម្ពីរ ដែលប្រទះឃើញនេះ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាដែលបានចាក់មកលើយើងរាល់គ្នា នោះសំបើមណាស់ ពីព្រោះពួកអយ្យកោយើងរាល់គ្នា មិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនេះទេ។