២ របាក្សត្រ 34:27-33 KHOV

27 ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ ដោយ​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពួក​អ្នក​នៅ​ទី​នេះ​ផង ព្រម​ទាំង​បន្ទ្រោម​ខ្លួន​ចុះ​នៅ​មុខ​អញ​ក៏​ហែក​អាវ ហើយ​យំ​នៅ​មុខ​អញ​ដូច្នេះ នោះ​អញ​បាន​ទទួល​ស្តាប់​តាម​ឯង​ហើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

28 មើល អញ​នឹង​ប្រមូល​ឯង​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ឯង ឯង​នឹង​ទៅ​មូល​គ្នា នៅ​ក្នុង​ផ្នូរ​ដោយ​សុខ‌សាន្ត ភ្នែក​ឯង​នឹង​មិន​ឃើញ​អស់​ទាំង​សេចក្ដី​អាក្រក់​ដែល​អញ​នឹង​នាំ​មក​លើ​ទី​នេះ និង​លើ​ពួក​អ្នក​នៅ​ទី​នេះ​ឡើយ ដូច្នេះ គេ​ក៏​នាំ​យក​ពាក្យ​នោះ​ទៅ​ទូល​ដល់​ស្តេច​វិញ។

29 នោះ​ស្តេច​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​មក​ប្រជុំ​គ្នា

30 រួច​ស្តេច​ទ្រង់​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មាន​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ហើយ​ពួក​សង្ឃ ពួក​លេវី និង​បណ្តា‌ជន​ទាំង‌ឡាយ ទាំង​ធំ ទាំង​តូច​ផង នោះ​ទ្រង់​ក៏​អាន​មើល ឲ្យ​គេ​ស្តាប់​អស់​ទាំង​ពាក្យ នៅ​ក្នុង​គម្ពីរ​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

31 ឯ​ស្តេច​ទ្រង់​ឈរ​នៅ​កន្លែង​ទ្រង់ ក៏​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កាន់​តាម​ក្រឹត្យ‌ក្រម​សេចក្ដី​បន្ទាល់ និង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នោះ

32 ទ្រង់​ក៏​បង្គាប់​ដល់​អស់​អ្នក ដែល​មាន​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ស្រុក​បេន‌យ៉ា‌មីន ឲ្យ​កាន់​តាម​សេចក្ដី​សញ្ញា​នោះ ដូច្នេះ ពួក​ក្រុង​យេរូ‌សាឡិម​ក៏​ធ្វើ​តាម​សេចក្ដី​សញ្ញា​ផង​ព្រះ ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ

33 រួច​យ៉ូសៀស ទ្រង់​ដក​យក​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​ចេញ​ពី​ស្រុក​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ក៏​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​នៅ​ស្រុក​អ៊ីស្រា‌អែល គោរព​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដូច្នេះ នៅ​អស់​រវាង​ព្រះ‌ជន្ម​ទ្រង់ នោះ​គេ​មិន​បាន​បែរ​ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ​ឡើយ។