២ របាក្សត្រ 6:26-32 KHOV

26 បើ​កាល​ណា​មេឃ​រាំង​ភ្លៀង ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ទ្រង់ នោះ​បើ​គេ​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ទី​នេះ ព្រម​ទាំង​គោរព​ដល់​ព្រះ‌នាម​ទ្រង់ ហើយ​លះ‌បង់​ចោល​អំពើ​បាប​របស់​គេ​ចេញ ដោយ​ព្រោះ​ទ្រង់​បាន​ផ្ចាញ់‌ផ្ចាល​គេ

27 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​ចំពោះ​អំពើ​បាប របស់​ពួក​អ្នក​បំរើ​ទ្រង់ គឺ​ជា​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​ទ្រង់ ដោយ​បង្រៀន​ឲ្យ​គេ​ដឹង​ផ្លូវ​ល្អ​ណា ដែល​ត្រូវ​ដើរ រួច​សូម​បង្អុរ​ភ្លៀង ឲ្យ​មក​លើ​ស្រុក​របស់​ទ្រង់ ដែល​បាន​ប្រទាន​មក​រាស្ត្រ​ទ្រង់​ទុក​ជា​មរដក​ផង។

28 បើ​កាល​ណា​កើត​មាន​អំណត់​នៅ​ក្នុង​ស្រុក ឬ​បើ​មាន​អន្តរាយ​ស្កក​ស្រូវ ក្រា‌ចាប់ កណ្តូប ឬ​ដង្កូវ​ស៊ី បើ​ពួក​ខ្មាំង​សត្រូវ​លុក‌លុយ​មក​ក្នុង​ស្រុក​ឡោម‌ព័ទ្ធ​ទី​ក្រុង ឬ​កើត​មាន​សេចក្ដី​វេទនា​ណា ឬ​ជំងឺ​ណា​ក៏​ដោយ

29 នោះ​ទោះ​បើ​មនុស្ស​ណា ឬ​បណ្តា​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​ទ្រង់ ដែល​ស្គាល់​សេចក្ដី​វេទនា និង​សេចក្ដី​ទុក​លំបាក នៅ​ក្នុង​ចិត្ត​ខ្លួន គេ​លើក​ដៃ​ប្រទូល​ដំរង់​មក​ឯ​ព្រះ‌វិហារ​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ

30 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ ហើយ​អត់​ទោស ព្រម​ទាំង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ប្រព្រឹត្ត​របស់​គេ តាម​តែ​ទ្រង់​ជ្រាប​ចិត្ត​គេ (ដ្បិត​គឺ​ទ្រង់​តែ​មួយ​ដែល​ជ្រាប​ចិត្ត​នៃ​ពួក​មនុស្ស​លោក​ទាំង​អស់)

31 ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​បាន​ដើរ​តាម​ផ្លូវ​ទ្រង់ នៅ​អស់​១​ជីវិត​ដែល​គេ​រស់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ប្រទាន​មក​ពួក​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា។

32 មួយ​ទៀត​ត្រង់​ឯ​ពួក​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ទេ បើ​កាល​ណា​គេ​មក​ពី​ស្រុក​ឆ្ងាយ ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ និង​ព្រះ‌ហស្ត​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌ពាហុ​លើក​សំរេច​របស់​ទ្រង់​កាល​ណា​គេ​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ព្រះ‌វិហារ​នេះ