២ របាក្សត្រ 6:31-37 KHOV

31 ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​បាន​ដើរ​តាម​ផ្លូវ​ទ្រង់ នៅ​អស់​១​ជីវិត​ដែល​គេ​រស់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​ប្រទាន​មក​ពួក​អយ្យកោ​យើង​ខ្ញុំ​រាល់​គ្នា។

32 មួយ​ទៀត​ត្រង់​ឯ​ពួក​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ទេ បើ​កាល​ណា​គេ​មក​ពី​ស្រុក​ឆ្ងាយ ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់​ដ៏​ជា​ធំ និង​ព្រះ‌ហស្ត​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌ពាហុ​លើក​សំរេច​របស់​ទ្រង់​កាល​ណា​គេ​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ព្រះ‌វិហារ​នេះ

33 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ គឺ​ពី​ទី​លំនៅ​របស់​ទ្រង់ ហើយ​ធ្វើ​សព្វ​គ្រប់ តាម​សេចក្ដី​ដែល​សាសន៍​ដទៃ នោះ​នឹង​សូម​ដល់​ទ្រង់​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍ នៅ​ផែនដី​បាន​ស្គាល់​ព្រះ‌នាម​ទ្រង់ ហើយ​កោត‌ខ្លាច​ដល់​ទ្រង់​ដូច​ជា​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ដែរ ហើយ​ឲ្យ​គេ​បាន​ដឹង​ថា ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ពិត។

34 បើ‌សិន​ជា​រាស្ត្រ​របស់​ទ្រង់​ចេញ​ទៅ ច្បាំង​នឹង​ខ្មាំង​សត្រូវ តាម​ផ្លូវ​ណា​ក៏​ដោយ ដែល​ទ្រង់​នឹង​ចាត់​គេ​ឲ្យ​ទៅ​ហើយ​គេ​អធិ‌ស្ឋាន​ដល់​ទ្រង់ ទាំង​បែរ​មក​ឯ​ទី​ក្រុង​នេះ​ដែល​ទ្រង់​បាន​រើស និង​ព្រះ‌វិហារ​នេះ​ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់

35 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់ ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង។

36 បើ​កាល​ណា​គេ​ធ្វើ​បាប​នឹង​ទ្រង់ (ដ្បិត​គ្មាន​មនុស្ស​ឯ​ណា​មួយ​ដែល​មិន​ធ្វើ​បាប​ឡើយ) ហើយ​ទ្រង់​កើត​មាន​សេចក្ដី​ក្រោធ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ឲ្យ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​ណា ទោះ​ឆ្ងាយ ឬ​ជិត​ក្តី

37 នោះ​បើ​គេ​នឹក​ចាំ​នៅ​ក្នុង​ស្រុក ដែល​បាន​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​បែរ​ត្រឡប់​មក​វិញ ព្រម​ទាំង​ទូល​អង្វរ​ដល់​ទ្រង់​នៅ​ក្នុង​ស្រុក ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ថា យើង​ខ្ញុំ​បាន​ធ្វើ​បាប ព្រម​ទាំង​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន ហើយ​ធ្វើ​ការ​អាក្រក់