1 កាលសាឡូម៉ូនបានអធិស្ឋានស្រេចហើយ នោះភ្លើងក៏ចុះពីលើមេឃ មកបញ្ឆេះដង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅ ហើយព្រះវិហារបានពេញ ដោយសិរីល្អនៃព្រះយេហូវ៉ា
2 ពួកសង្ឃចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន ដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនោះ
3 ឯពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាគេក៏មើលឃើញ ក្នុងកាលដែលភ្លើងចុះមក និងសិរីល្អនៃទ្រង់បាននៅលើព្រះវិហារដែរ ហើយគេឱនខ្លួនក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំនៅទីក្រាលថ្ម ព្រមទាំងអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ ឯសេចក្ដីសប្បុរសរបស់ទ្រង់ ក៏នៅអស់កល្បជានិច្ច។
4 រួចមកស្តេច និងបណ្តាជនទាំងឡាយ ក៏ថ្វាយយញ្ញបូជានៅចំពោះព្រះយេហូវ៉ា
5 ស្តេចសាឡូម៉ូនទ្រង់ថ្វាយយញ្ញបូជា ជាគោ២ម៉ឺន២ពាន់ និងចៀម១សែន២ម៉ឺន គឺយ៉ាងនោះដែលស្តេច និងពួកជនបានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះ
6 ឯពួកសង្ឃ គេឈរនៅទីតាមដំណែងរបស់គេរៀងខ្លួន ព្រមទាំងពួកលេវីដែរ គេកាន់ប្រដាប់ភ្លេងនៃព្រះយេហូវ៉ា ដែលស្តេចដាវីឌបានធ្វើសំរាប់នឹងអរព្រះគុណដល់ព្រះយេហូវ៉ា ក្នុងកាលដែលដាវីឌបានសរសើរ ដោយសារពួកនោះថា សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ពួកសង្ឃក៏ផ្លុំត្រែឡើងនៅមុខគេ ហើយពួកអ៊ីស្រាអែលទាំងអស់ក៏ឈរនៅ