13 ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយ ផ្ទុយទៅវិញយើងត្រូវប្ដេជ្ញាចិត្ដថា យើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួល ឬរវាតចិត្ដឡើយ។
14 ខ្ញុំដឹង ហើយជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូថា គ្មានអ្វីមួយមិនបរិសុទ្ធដោយខ្លួនឯងនោះទេ លុះត្រាតែមានអ្នកណាម្នាក់ចាត់ទុកថា វាមិនបរិសុទ្ធ ទើបវាត្រលប់ជាមិនបរិសុទ្ធសម្រាប់អ្នកនោះ
15 ប៉ុន្ដែ បើអ្នកធ្វើឲ្យបងប្អូនរបស់អ្នកព្រួយចិត្ដដោយសារតែរឿងអាហារ នោះអ្នកមិនបានរស់នៅដោយសេចក្ដីស្រឡាញ់ទៀតទេ ដូច្នេះ កុំធ្វើឲ្យបងប្អូនរបស់អ្នកដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសត្រូវវិនាសដោយសារតែអាហាររបស់អ្នកឡើយ។
16 ដូច្នេះ កុំឲ្យគេនិយាយបង្ខូចការល្អរបស់អ្នកបានឡើយ។
17 ដ្បិតនគររបស់ព្រះជាម្ចាស់មិនមែនជាការបរិភោគ និងការផឹកឡើយ គឺជាសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។
18 ព្រោះអ្នកដែលបម្រើព្រះគ្រិស្ដតាមរបៀបនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ណាស់ ហើយមនុស្សទាំងឡាយក៏ទទួលស្គាល់អ្នកនោះដែរ។
19 ដូច្នេះហើយ យើងត្រូវដេញតាមសេចក្ដីទាំងឡាយ ដែលនាំឲ្យមានសេចក្ដីសុខសាន្ដ និងការស្អាងចិត្ដដល់គ្នាទៅវិញទៅមក។