រ៉ូម 14:6-12 KCB

6 ព្រោះ​អ្នក​ដែល​ប្រតិបត្ដ​តាម​ថ្ងៃ​ គេ​ប្រតិបត្ដ​សម្រាប់​ព្រះអម្ចាស់​ ឯ​អ្នក​ដែល​បរិភោគ​ គេ​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ដែរ​ ដ្បិត​គេ​បាន​អរព្រះគុណ​ព្រះជាម្ចាស់​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ គេ​ក៏​មិន​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ ហើយ​គេ​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ដែរ​

7 ដ្បិត​ក្នុង​ចំណោម​យើង​ គ្មាន​អ្នកណា​ម្នាក់​រស់នៅ​ដើម្បី​ខ្លួន​ឯង​ទេ​ ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់​ស្លាប់​ដើម្បី​ខ្លួន​ឯង​ដែរ​

8 ព្រោះ​បើ​យើង​រស់នៅ​ គឺ​រស់នៅ​ដើម្បី​ព្រះអម្ចាស់​ ហើយ​បើ​យើង​ស្លាប់​ គឺ​ស្លាប់​ដើម្បី​ព្រះអម្ចាស់​ ដូច្នេះ​ហើយ​ ទោះបី​យើង​រស់​ក្ដី​ ស្លាប់ក្ដី​ យើង​ជា​របស់​ព្រះអម្ចាស់​

9 ហេតុនោះ​ហើយ​បាន​ជា​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ ដើម្បី​ធ្វើ​ជា​ព្រះអម្ចាស់​លើ​ទាំង​មនុស្ស​ស្លាប់​ និង​មនុស្ស​រស់។​

10 ចុះ​អ្នក​វិញ​ ហេតុអ្វី​បាន​ជា​ថ្កោលទោស​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ឬ​ហេតុអ្វី​បានជា​អ្នក​មើលងាយ​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ដ្បិត​យើង​នឹង​ឈរ​នៅ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ទាំង​អស់​គ្នា​

11 ព្រោះ​មាន​សេចក្ដី​ចែង​ទុក​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​ថា​ យើង​មាន​ព្រះជន្ម​រស់​ជានិច្ច​ ដូច្នេះ​ ​ជង្គង់​ទាំង​អស់​ត្រូវ​លុត​ចុះ​នៅ​ចំពោះ​មុខ​យើង​ ហើយ​អណ្ដាត​ទាំង​អស់​ត្រូវ​ប្រកាស​ទទួល​ស្គាល់​ព្រះជាម្ចាស់។​

12 ដូច្នេះ​ យើង​ម្នាក់ៗ​នឹង​រៀប​រាប់​ទូល​ព្រះជាម្ចាស់​ពី​អំពើ​ដែល​យើង​បាន​ធ្វើ​