14 បងប្អូនអើយ! ខ្ញុំជឿជាក់ចំពោះអ្នករាល់គ្នាថា អ្នករាល់គ្នាពេញដោយសេចក្ដីល្អ និងពេញដោយចំណេះដឹងគ្រប់បែបយ៉ាង ព្រមទាំងអាចដាស់តឿនគ្នាទៅវិញទៅមកបានដែរ
15 ប៉ុន្ដែខ្ញុំបានសរសេរអំពីចំណុចខ្លះផ្ញើមកអ្នករាល់គ្នាដោយចិត្ដក្លាហាន ដើម្បីរំឮកអ្នករាល់គ្នា ដោយសារព្រះគុណដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ
16 គឺឲ្យខ្ញុំធ្វើជាអ្នកបម្រើព្រះគ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ ហើយបំពេញតួនាទីជាសង្ឃសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់ ដើម្បីនាំសាសន៍ដទៃមកថ្វាយព្រះជាម្ចាស់ទុកជាតង្វាយដែលព្រះអង្គសព្វព្រះហឫទ័យទទួលយក និងដែលបានញែកជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ។
17 ដូច្នេះ នៅក្នុងព្រះគ្រិស្ដយេស៊ូ ខ្ញុំមានហេតុផលអួតអំពីកិច្ចការទាំងឡាយដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់
18 ដ្បិតខ្ញុំមិនហ៊ាននិយាយអំពីអ្វីឡើយ ក្រៅពីអ្វីដែលព្រះគ្រិស្ដបានធ្វើតាមរយៈខ្ញុំសម្រាប់ការនាំសាសន៍ដទៃឲ្យស្ដាប់បង្គាប់ តាមរយៈពាក្យសំដី និងការប្រព្រឹត្ដិ
19 ដោយអំណាចនៃទីសំគាល់ ការអស្ចារ្យ និងអំណាចនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំបានប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដនៅគ្រប់ទីកន្លែង តាំងពីក្រុងយេរូសាឡិមរហូតដល់ស្រុកអ៊ីលីរីកុន។
20 ខ្ញុំមានបំណងប្រកាសដំណឹងល្អនៅកន្លែងដែលគេមិនធ្លាប់ឮព្រះនាមរបស់ព្រះគ្រិស្ដ ដើម្បីកុំឲ្យខ្ញុំសង់គ្រឹះលើគ្រឹះរបស់អ្នកដទៃ។