6 ដើម្បីឲ្យអ្នករាល់គ្នាសរសើរតម្កើងព្រះជាម្ចាស់ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងដោយព្រមព្រៀងគ្នា និងមានសំឡេងតែមួយ។
7 ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដូចជាព្រះគ្រិស្ដបានទទួលអ្នករាល់គ្នាដែរចុះ ដើម្បីជាសិរីរុងរឿងរបស់ព្រះជាម្ចាស់
8 ដ្បិតខ្ញុំសូមប្រាប់ថា ព្រះគ្រិស្ដបានត្រលប់ជាអ្នកបម្រើរបស់ពួកអ្នកកាត់ស្បែកក្នុងនាមជាសេចក្ដីពិតរបស់ព្រះជាម្ចាស់ ដើម្បីបញ្ជាក់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែលបានធ្វើជាមួយនឹងពួកដូនតា
9 និងឲ្យសាសន៍ដទៃថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះអង្គ ដូចមានសេចក្ដីចែងទុកថា៖ «ដោយហេតុនេះបានជាខ្ញុំសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងចំណោមសាសន៍ដទៃ ហើយខ្ញុំច្រៀងសរសើរព្រះនាមព្រះអង្គ»។
10 ហើយមានសេចក្ដីមួយទៀតចែងទុកថា៖ «ពួកសាសន៍ដទៃអើយ! ចូរអរសប្បាយជាមួយប្រជារាស្ដ្ររបស់ព្រះអង្គចុះ!»
11 រួចមានសេចក្ដីចែងទុកទៀតថា៖ «ពួកសាសន៍ដទៃអើយ! ចូរសរសើរព្រះអម្ចាស់ ជនទាំងឡាយអើយ! ចូរសរសើរព្រះអង្គចុះ!»
12 ក្នុងសេចក្ដីមួយទៀត លោកអេសាយបានថ្លែងថា៖ «នឹងមានឫសរបស់លោកអ៊ីសាយមួយកើតមក ដើម្បីគ្រប់គ្រងពួកសាសន៍ដទៃ ហើយពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ»