18 ដ្បិតពួកមនុស្សបែបនេះមិនបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់របស់យើងទេ គឺពួកគេបម្រើក្រពះរបស់ពួកគេប៉ុណ្ណោះ ហើយបញ្ឆោតមនុស្សស្លូតត្រង់ដោយពាក្យសំដីផ្អែមល្ហែម និងពាក្យបញ្ជោរ។
19 ដោយសារមនុស្សទាំងអស់បានដឹងអំពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា ដូច្នេះហើយបានជាខ្ញុំត្រេកអរណាស់ចំពោះអ្នករាល់គ្នា តែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការល្អ ហើយមិនពាក់ព័ន្ធខាងការអាក្រក់។
20 ព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងកម្ទេចអារក្សសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ ដូច្នេះ សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង។
21 លោកធីម៉ូថេជាអ្នករួមការងារជាមួយខ្ញុំ និងលោកលូគាស លោកយ៉ាសុន លោកសូសិប៉ាត្រុស ជាសាច់ញាតិរបស់ខ្ញុំក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
22 ខ្ញុំឈ្មោះទើទាសជាអ្នកសរសេរសំបុត្ររបស់លោកប៉ូលនេះ ក៏សូមជម្រាបសួរដល់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។
23 លោកកៃយ៉ូសជាម្ចាស់ផ្ទះដែលទទួលខ្ញុំ ព្រមទាំងក្រុមជំនុំទាំងអស់បានជម្រាបសួរមកអ្នករាល់គ្នា ឯលោកអេរ៉ាស្ទុស ជាអ្នកគ្រប់គ្រងឃ្លាំងប្រាក់របស់ក្រុង និងលោកក្លើតុសជាបងប្អូនក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
24 [សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង អាម៉ែន។]