រ៉ូម 5:7-13 KCB

7 កម្រ​មាន​មនុស្ស​ណា​ម្នាក់​សុខ​ចិត្ដ​ស្លាប់​ដើម្បី​មនុស្ស​សុចរិត​ណាស់​ ឬ​ក៏​ប្រហែល​ជា​មាន​មនុស្ស​ម្នាក់​ហ៊ាន​ស្លាប់​ដើម្បី​មនុស្ស​ល្អ​មែន​

8 តែ​ព្រះជាម្ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​ ដោយ​ឲ្យ​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ដើម្បី​យើង​ កាល​យើង​នៅជា​មនុស្ស​បាប​នៅ​ឡើយ​

9 លើស​ពី​នេះ​ទៅ​ទៀត​ យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ឈាម​របស់​ព្រះអង្គ​ ហើយ​យើង​ក៏​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​រួច​ពី​សេចក្ដី​ក្រោធ‍​របស់​ព្រះជាម្ចាស់​តាមរយៈ​ព្រះអង្គ​ទៀត​ផង​

10 បើ​ព្រះជាម្ចាស់​ឲ្យ​យើង​ផ្សះផ្សា​ជាមួយ​ព្រះអង្គ​តាមរយៈ​ការ​សោយ​ទិវង្គត​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ កាល​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ​ ចុះ​ឥឡូវ​នេះ​ ពេល​ដែល​យើង​បាន​ផ្សះផ្សា​រួច​ហើយ​ យើង​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត​ ដោយសារ​ជីវិត​របស់​ព្រះយេស៊ូ​

11 ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ យើង​ក៏​មាន​អំណរ​ដែរ​នៅ​ក្នុង​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ ដែល​ឥឡូវ​នេះ​យើង​បាន​ទទួល​ការ​ផ្សះផ្សា​តាមរយៈ​ព្រះអង្គ​រួច​ហើយ។​

12 ដូច្នេះ​ ដូច​ដែល​បាប​បាន​ចូល​មក​ក្នុង​ពិភពលោក​តាមរយៈ​មនុស្ស​ម្នាក់​ ហើយ​សេចក្ដី​ស្លាប់​ក៏​មក​តាមរយៈ​បាប​ជា​យ៉ាង​ណា​ នោះ​សេចក្ដី​ស្លាប់​ក៏​រាលដាល​ដល់​មនុស្ស​គ្រប់​គ្នា​ជា​យ៉ាង​នោះ​ដែរ​ ព្រោះ​មនុស្ស​គ្រប់​គ្នា​បាន​ធ្វើ​បាប​

13 ដ្បិត​បាប​បាន​មាន​នៅ​ក្នុង​ពិភពលោក​នេះ​រួច​ទៅ​ហើយ​ មុន​មាន​គម្ពីរ​វិន័យ​ តែ​កាល​ណា​មិន​ទាន់​មាន​ក្រឹត្យវិន័យ​ ​បាប​ក៏​មិន​បាន​រាប់​ជា​ទោស​ដែរ​