1 បងប្អូនអើយ! ខ្ញុំសូមនិយាយទៅកាន់ពួកអ្នកស្គាល់ក្រឹត្យវិន័យ តើអ្នករាល់គ្នាមិនដឹងទេឬអីថា ក្រឹត្យវិន័យមានអំណាចលើមនុស្សម្នាក់ នៅពេលដែលគេមានជីវិតប៉ុណ្ណោះ?
2 គឺស្ដ្រីរៀបការហើយ ត្រូវនៅជាប់ជាមួយប្ដីដោយសារក្រឹត្យវិន័យ នៅពេលប្ដីនោះមានជីវិតនៅឡើយ តែបើប្ដីស្លាប់ នោះនាងបានរួចពីក្រឹត្យវិន័យស្ដីអំពីប្ដីនោះហើយ
3 ដូច្នេះ បើនាងទៅយកប្ដីម្នាក់ទៀត នៅពេលប្ដីនៅរស់នៅឡើយ នោះគេហៅនាងថាស្ដ្រីផិតក្បត់ ប៉ុន្ដែបើប្ដីស្លាប់ នោះនាងបានរួចពីក្រឹត្យវិន័យហើយ ដូច្នេះ ទោះបីនាងទៅយកប្ដីម្នាក់ទៀត ក៏នាងមិនមែនជាស្ដ្រីផិតក្បត់ដែរ។
4 ហេតុនេះបងប្អូនអើយ! អ្នករាល់គ្នាក៏បានស្លាប់ខាងឯគម្ពីរវិន័យតាមរយៈរូបកាយរបស់ព្រះគ្រិស្ដរួចហើយ គឺដើម្បីឲ្យអ្នករាល់គ្នាបានរួមជាមួយមនុស្សម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យយើងបង្កើតផលថ្វាយព្រះជាម្ចាស់
5 ព្រោះកាលយើងនៅខាងសាច់ឈាមនៅឡើយ ដោយសារគម្ពីរវិន័យ សេចក្ដីប៉ងប្រាថ្នារបស់បាបបានធ្វើសកម្មភាពក្នុងអវយវៈទាំងឡាយរបស់យើងឲ្យបង្កើតផលជាសេចក្ដីស្លាប់