25 ប៉ុន្ដែបើយើងសង្ឃឹមលើអ្វីដែលមិនអាចមើលឃើញ នោះយើងមុខជាទន្ទឹងរង់ចាំដោយអំណត់។
26 ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានយ៉ាងដូចម្ដេចទេ ប៉ុន្ដែព្រះវិញ្ញាណផ្ទាល់បានទូលអង្វរជំនួសយើងដោយសំឡេងថ្ងូរដែលរកថ្លែងមិនបាន
27 ឯព្រះអង្គដែលឈ្វេងយល់ចិត្តរបស់មនុស្ស ព្រះអង្គដឹងពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរជំនួសពួកបរិសុទ្ធត្រូវនឹងបំណងរបស់ព្រះជាម្ចាស់។
28 យើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នាឡើងសម្រាប់ជាសេចក្ដីល្អដល់អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺដល់អស់អ្នកដែលព្រះអង្គបានត្រាស់ហៅស្របតាមបំណងរបស់ព្រះអង្គ
29 ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ព្រះអង្គបានតម្រូវពួកគេទុកជាស្រេចឲ្យមានលក្ខណៈដូចព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាត្រលប់ជាកូនច្បងនៅក្នុងចំណោមបងប្អូនជាច្រើន
30 ហើយអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាស្រេចទាំងនេះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ព្រះអង្គក៏រាប់ជាសុចរិត ហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិត ព្រះអង្គក៏លើកតម្កើងឡើង។
31 ដូច្នេះ តើយើងនិយាយយ៉ាងដូចម្ដេចចំពោះសេចក្ដីទាំងនេះ? បើព្រះជាម្ចាស់នៅខាងយើង តើអ្នកណាទាស់ជាមួយយើងបាន?