15 ដ្បិតព្រះអង្គមានបន្ទូលប្រាប់លោកម៉ូសេថា៖ «យើងនឹងមេត្ដាចំពោះអ្នកណាដែលយើងមេត្ដា ហើយយើងនឹងអាណិតអាសូរចំពោះអ្នកណាដែលយើងអាណិតអាសូរ»។
16 ដូច្នេះ មិនមែនស្រេចលើអ្នកណាចង់បាន ឬអ្នកណាខំរត់រកនោះទេ គឺស្រេចលើព្រះជាម្ចាស់ដែលជាអ្នកមានសេចក្ដីមេត្ដាវិញ។
17 ដ្បិតក្នុងបទគម្ពីរព្រះជាម្ចាស់មានបន្ទូលទៅស្ដេចស្រុកអេស៊ីព្ទថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នក និងដើម្បីឲ្យគេប្រកាសប្រាប់ពីឈ្មោះរបស់យើងពាសពេញផែនដីទាំងមូល»
18 ដូច្នេះ ព្រះអង្គមេត្ដាដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើឲ្យអ្នកណាមានចិត្ដរឹងរូស ក៏តាមតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
19 អ្នកមុខជាសួរខ្ញុំថា ចុះហេតុអ្វីព្រះអង្គនៅតែប្រកាន់ទោសទៀត? ដ្បិតតើអ្នកណាប្រឆាំងនឹងបំណងរបស់ព្រះអង្គបាន?
20 ប៉ុន្ដែ ឱមនុស្សអើយ! តើអ្នកជាអ្វីបានជាហ៊ានតវ៉ាជាមួយព្រះជាម្ចាស់ដូច្នេះ? តើរបស់ដែលជាងស្មូនបានសូនឡើងនឹងនិយាយទៅជាងស្មូនថា ហេតុអ្វីបានជាអ្នកសូនខ្ញុំដូច្នេះដែរឬ?
21 តើជាងស្មូនគ្មានសិទ្ធិសូនពីដីឥដ្ឋតែមួយដុំធ្វើរបស់មានតម្លៃមួយ និងមួយទៀតគ្មានតម្លៃទេឬ?