4 ចូរជំពាក់ចិត្តនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរកោតខ្លាចព្រះអង្គ កាន់តាមបទបញ្ជារបស់ព្រះអង្គ ស្ដាប់បង្គាប់ព្រះអង្គ ហើយគោរពបម្រើព្រះអង្គ និងស្រឡាញ់តែព្រះអង្គមួយប៉ុណ្ណោះ។
5 រីឯព្យាការី ឬគ្រូទាយឆុតនោះវិញ ត្រូវទទួលទោសដល់ស្លាប់ ព្រោះគេបាននិយាយបំផុសបំផុលប្រជាជន ឲ្យបះបោរប្រឆាំងនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងរំដោះអ្នករាល់គ្នាឲ្យរួចពីទាសភាព។ ជននោះចង់នាំអ្នកចេញពីមាគ៌ាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកដើរតាម។ ធ្វើដូច្នេះ អ្នកនឹងដកអំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
6 ប្រសិនបើបងប្អូនបង្កើតរបស់អ្នក ឬកូនប្រុស កូនស្រី ឬភរិយាជាទីស្រឡាញ់របស់អ្នក ឬក៏មិត្តភក្ដិដ៏ជិតស្និទ្ធរបស់អ្នក មកបបួលអ្នកដោយស្ងាត់ៗឲ្យទៅថ្វាយបង្គំព្រះដទៃទៀត ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់
7 គឺព្រះរបស់ជាតិសាសន៍នានាដែលនៅជុំវិញអ្នក ទោះបីនៅជិត ឬឆ្ងាយដាច់ស្រយាលក្ដី
8 កុំយល់ស្របជាមួយគេ កុំស្ដាប់តាមគេឡើយ។ កុំអាណិតអាសូរ ឬត្រាប្រណីជននោះឲ្យសោះ ហើយក៏មិនត្រូវការពារគេដែរ។
9 ផ្ទុយទៅវិញ ត្រូវតែប្រហារជីវិតជននោះ គឺអ្នកលើកដៃប្រហារមុនគេ បន្ទាប់មក ទើបប្រជាជនប្រហារតាមក្រោយ។
10 ត្រូវយកដុំថ្មគប់សម្លាប់ជននេះ ព្រោះគេចង់ទាក់ទាញអ្នកឲ្យចេញឆ្ងាយពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប គឺស្រុកដែលអ្នកធ្វើជាទាសករ។