1 បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រកក់ដូចព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើងក្នុងតំបន់ភ្នំសៀរជាច្រើនថ្ងៃ»។
2 «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា
3 “អ្នករាល់គ្នាស្ថិតនៅក្នុងតំបន់ភ្នំនេះយូរហើយ ដូច្នេះ ចូរចេញដំណើរតម្រង់ទៅទិសខាងជើង។
4 ចូរបង្គាប់ប្រជាជនថា: អ្នករាល់គ្នាត្រូវដើរកាត់តាមទឹកដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលរស់នៅតំបន់សៀរ។ ពួកគេនឹងភ័យខ្លាចអ្នករាល់គ្នា ក៏ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នខ្លួន។
5 កុំច្បាំងនឹងពួកគេឡើយ យើងមិនប្រគល់ស្រុករបស់ពួកគេឲ្យអ្នករាល់គ្នាទេ សូម្បីតែប៉ុនបាតជើងក៏យើងមិនឲ្យដែរ ដ្បិតយើងបានប្រគល់តំបន់ភ្នំសៀរឲ្យអេសាវកាន់កាប់។
6 ត្រូវយកប្រាក់ទិញម្ហូបអាហារពីពួកគេមកបរិភោគ ហើយសូម្បីតែទឹកដែលអ្នករាល់គ្នាផឹក ក៏ត្រូវបង់ប្រាក់ដែរ
7 ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ព្រះអង្គតាមថែរក្សាអ្នក ក្នុងពេលអ្នកធ្វើដំណើរនៅវាលរហោស្ថានដ៏ធំនេះ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក អស់រយៈពេលសែសិបឆ្នាំមកហើយ អ្នកមិនខ្វះខាតអ្វីទាល់តែសោះ”។
8 ពួកយើងបានដើរវាងស្រុករបស់កូនចៅលោកអេសាវ ជាបងប្អូនរបស់យើង ដែលរស់នៅក្នុងតំបន់ភ្នំសៀរ ហើយពួកយើងក៏បានដើរវាងឆ្ងាយពីផ្លូវទៅតំបន់អារ៉ាបា អេឡាត និងអេសស៊ាន-គេប៊ើរ ដែរ។ បន្ទាប់មក ពួកយើងប្ដូរទិសចេញដំណើរតាមផ្លូវទៅវាលរហោស្ថានស្រុកម៉ូអាប់។
9 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “មិនត្រូវវាយលុកស្រុកម៉ូអាប់ឡើយ កុំធ្វើសឹកសង្គ្រាមជាមួយពួកគេឲ្យសោះ ដ្បិតយើងមិនប្រគល់ស្រុករបស់គេឲ្យអ្នកទុកជាកម្មសិទ្ធិទេ។ យើងបានប្រគល់ក្រុងអើរ ឲ្យកូនចៅរបស់ឡុត ទុកជាកម្មសិទ្ធិរួចស្រេចទៅហើយ”។
10 ពីមុន ជនជាតិអេមីមរស់នៅក្នុងស្រុកនោះ ពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និងមានមាឌខ្ពស់ៗ ដូចជនជាតិអណាក់ដែរ។
11 អ្នកឯទៀតៗចាត់ទុកពួកនោះជាជនជាតិរេផែម ដូចជនជាតិអណាក់ដែរ។ ក៏ប៉ុន្តែ ជនជាតិម៉ូអាប់ហៅពួកគេថា ជនជាតិអេមីម។
12 ពីមុន ជនជាតិហូរីរស់នៅស្រុកសៀរ តែកូនចៅរបស់លោកអេសាវបានដេញពួកគេចេញពីស្រុកនោះ ព្រមទាំងកម្ទេចពួកគេចោល ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ ដូចជនជាតិអ៊ីស្រាអែលចាប់យកស្រុកដែលព្រះអម្ចាស់ប្រទានឲ្យ ដោយដេញអ្នកស្រុកនោះចេញពីស្រុកដែរ។
13 “ឥឡូវនេះ ចូរក្រោកឡើង នាំគ្នាឆ្លងកាត់ជ្រោះសេរេដ”។ ពួកយើងក៏ឆ្លងកាត់ជ្រោះសេរេដ។
14 ចាប់ពីពេលពួកយើងធ្វើដំណើរពីកាដេស-បារនាមកទល់ពេលឆ្លងកាត់ជ្រោះសេរេដ មានរយៈពេលទាំងអស់សាមសិបប្រាំបីឆ្នាំ គឺរហូតដល់អស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាមនៅជំនាន់នោះ បានបាត់បង់ជីវិតអស់ ដូចព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ។
15 ព្រះអម្ចាស់បានប្រហារពួកគេអស់ពីជំរំរបស់ជនជាតិអ៊ីស្រាអែល រហូតទាល់តែគ្មាននៅសល់នរណាម្នាក់ឡើយ។
16 ពេលអស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម បានស្លាប់បាត់អស់ពីចំណោមជនជាតិអ៊ីស្រាអែល
17 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា:
18 “ថ្ងៃនេះ អ្នកត្រូវឆ្លងកាត់ព្រំដែនស្រុកម៉ូអាប់ ហើយឆ្លងកាត់ក្រុងអើរ
19 ឆ្ពោះទៅកាន់ស្រុកអាំម៉ូន។ ប៉ុន្តែ កុំវាយលុកពួកគេ កុំធ្វើសឹកជាមួយពួកគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកអាំម៉ូនឲ្យអ្នកធ្វើជាកម្មសិទ្ធិទេ។ យើងបានប្រគល់ស្រុកនោះឲ្យកូនចៅរបស់ឡុត ធ្វើជាកម្មសិទ្ធិរួចស្រេចទៅហើយ”។
20 គេក៏ចាត់ទុកតំបន់នោះថាជាស្រុករបស់ជនជាតិរេផែមដែរ។ ពីមុន ជនជាតិរេផែមរស់នៅក្នុងស្រុកនោះ ហើយជនជាតិអាំម៉ូនហៅពួកគេថា ជនជាតិសាំស៊ូមីម។
21 ពួកគេជាជាតិសាសន៍មួយខ្លាំងពូកែ មានគ្នាច្រើន និងមានមាឌខ្ពស់ៗ ដូចជនជាតិអណាក់។ ព្រះអម្ចាស់បានកម្ទេចពួកគេនៅចំពោះមុខជនជាតិអាំម៉ូន។ ជនជាតិអាំម៉ូនបានបណ្ដេញពួកគេចេញពីស្រុកនោះ ហើយតាំងទីលំនៅជំនួសពួកគេ។
22 ព្រះអម្ចាស់ធ្វើដូច្នេះ សម្រាប់កូនចៅលោកអេសាវ នៅស្រុកសៀរដែរ គឺព្រះអង្គបានកម្ទេចជនជាតិហូរី ដែលនៅក្នុងស្រុកនោះ។ កូនចៅលោកអេសាវបានបណ្ដេញពួកគេចេញ ហើយតាំងទីលំនៅ ក្នុងស្រុកនោះជំនួសពួកគេ រហូតមកដល់សព្វថ្ងៃ។
23 ជនជាតិអាវីមដែលរស់នៅតាមភូមិនានា រហូតដល់ក្រុងកាសា បានត្រូវជនជាតិកាប់ថោរ ចេញមកពីស្រុកកាប់ថោរ កម្ទេចអស់ ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ។
24 “ចូរក្រោកឡើង នាំគ្នាចេញដំណើរ ហើយឆ្លងកាត់ស្ទឹងអើណូន។ មើល៍ យើងបានប្រគល់ស៊ីហុនជាជនជាតិអាម៉ូរី និងជាស្ដេចក្រុងហែសបូន ព្រមទាំងទឹកដីរបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូររៀបចំទ័ពវាយលុកស្រុកគេឥឡូវនេះ ហើយកាន់កាប់ស្រុកនោះចុះ!
25 ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
26 «ខ្ញុំបានចាត់អ្នកនាំសារពីវាលរហោស្ថានក្ដេម៉ូត ឲ្យទៅជួបព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន ដើម្បីទូលស្ដេចដោយសម្រួល គឺខ្ញុំឲ្យគេទូលថា:
27 “យើងខ្ញុំចង់ឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំមិនងាកទៅស្ដាំ ឬទៅឆ្វេងទេ។
28 បើព្រះករុណាផ្គត់ផ្គង់ម្ហូបអាហារ និងទឹកដល់យើងខ្ញុំបរិភោគ យើងខ្ញុំនឹងបង់ប្រាក់ថ្វាយព្រះករុណា យើងខ្ញុំសូមដើរកាត់ស្រុករបស់ព្រះករុណាតែប៉ុណ្ណោះ។
29 កូនចៅលោកអេសាវដែលរស់នៅស្រុកសៀរ បានអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេ ហើយជនជាតិម៉ូអាប់ដែលរស់នៅក្រុងអើរ ក៏បានអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់គេដែរ។ ហេតុនេះ សូមព្រះករុណាមេត្តាអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណា រហូតដល់យើងខ្ញុំឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ប្រទានឲ្យយើងខ្ញុំនោះផង”។
30 ប៉ុន្តែ ព្រះបាទស៊ីហុនជាស្ដេចក្រុងហែសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះព្រះអម្ចាស់ ជាព្រះនៃអ្នក ធ្វើឲ្យស្ដេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។
31 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “មើល៍ យើងបានប្រគល់ស៊ីហុន និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកឥឡូវនេះហើយ។ ដូច្នេះ ចូរទៅចាប់យកស្រុកនោះឥឡូវនេះចុះ”។
32 ស្ដេចស៊ីហុនបានលើកទ័ពទាំងមូលចេញមករកពួកយើង ដើម្បីវាយលុកពួកយើង នៅយ៉ាហាស់។
33 ព្រះអម្ចាស់ ជាព្រះនៃយើង បានប្រគល់ស្ដេចនោះមកក្នុងកណ្ដាប់ដៃរបស់ពួកយើង។ ពួកយើងបានប្រហារស្ដេចស៊ីហុន និងកូនរបស់ស្ដេច ព្រមទាំងកងទ័ពទាំងមូល។
34 នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្ដេចស៊ីហុន ហើយកម្ទេចពួកគេ ទាំងប្រុសទាំងស្រី និងក្មេងថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ ឥតទុកជីវិតនរណាម្នាក់សោះឡើយ។
35 ពួកយើងរឹបអូសតែហ្វូងសត្វ និងទ្រព្យសម្បត្តិពីក្រុងនានាដែលពួកយើងដណ្ដើមយកបានប៉ុណ្ណោះ។
36 ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង ប្រគល់ក្រុងទាំងនោះមកឲ្យពួកយើង។
37 ប៉ុន្តែ ពួកយើងមិនបានចូលទៅជិតស្រុករបស់ជនជាតិអាំម៉ូន ឬក្រុងទាំងប៉ុន្មាននៅតាមមាត់ស្ទឹងយ៉ាបុក ឬក្រុងទាំងប៉ុន្មាននៅតាមតំបន់ភ្នំ និងក្រុងឯទៀតៗដែលព្រះអម្ចាស់ ជាព្រះនៃយើង បានហាមឃាត់នោះឡើយ»។