ទុតិយ‌កថា 15 KHSV

ឆ្នាំ​ទី​ប្រាំ‌ពីរ​ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល

1 «ប្រាំ‌ពីរ​ឆ្នាំ​ម្ដង អ្នក​ត្រូវ​តែ​លុប​បំណុល។

2 ការ​លុប​បំណុល​នេះ​ត្រូវ​អនុវត្ត​ដូច​ត​ទៅ: ម្ចាស់​បំណុល​ទាំង‌ឡាយ​ដែល​បាន​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ត្រូវ​លុប​បំណុល​នោះ។ កាល​ណា​គេ​ប្រកាស​ការ​លុប​បំណុល ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ ម្ចាស់​បំណុល​មិន​ត្រូវ​ទាម‌ទារ​ឲ្យ​អ្នក​ដទៃ ដែល​ជា​បង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន សង​ប្រាក់​វិញ​ឡើយ។

3 អ្នក​អាច​ទាម‌ទារ​ឲ្យ​ជន​បរទេស​សង​ប្រាក់ តែ​ត្រូវ​លុប​បំណុល​ឲ្យ​បង‌ប្អូន ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក។

4 ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​មាន​ជន​ក្រីក្រ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​អ្នក​យ៉ាង​បរិបូណ៌ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​អ្នក​កាន់​កាប់​ទុក​ជា​ចំណែក​មត៌ក។

5 ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​នេះ។

6 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​អ្នក។ អ្នក​អាច​ចង​ការ​ប្រាក់​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន តែ​អ្នក​មិន​ត្រូវ​ខ្ចី​ប្រាក់​ពី​ពួក​គេ​ទេ អ្នក​នឹង​ត្រួត‌ត្រា​លើ​ប្រជា‌ជាតិ​ជា​ច្រើន តែ​ពួក​គេ​នឹង​មិន​ត្រួត‌ត្រា​លើ​អ្នក​ឡើយ។

7 ក្នុង​បណ្ដា​ក្រុង​នៃ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ប្រសិន​បើ​មាន​បង‌ប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវី‌រវល់​ជួយ​បង‌ប្អូន​ដែល​ក្រ​នោះ​ឡើយ។

8 ផ្ទុយ​ទៅ​វិញ ត្រូវ​ជួយ​គាត់ ដោយ​ឲ្យ​ខ្ចី​ប្រាក់​តាម​ចំនួន​ដែល​គាត់​ត្រូវ​ការ។

9 ចូរ​ប្រយ័ត្ន មិន​ត្រូវ​មាន​ចិត្ត​អាក្រក់ ដោយ​គិត​ថា ឆ្នាំ​ទី​ប្រាំ‌ពីរ​ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល​កាន់​តែ​ខិត​ជិត ហើយ​អ្នក​ក៏​គ្មាន​ចិត្ត​មេត្តា​ដល់​បង‌ប្អូន​ដែល​ក្រ​នោះ គឺ​មិន​ជួយ​អ្វី​ទាំង​អស់។ ពេល​គាត់​ទូល​ព្រះ‌អម្ចាស់ ចោទ​ប្រកាន់​អ្នក នោះ​អ្នក​មុខ​ជា​មាន​បាប​មិន​ខាន។

10 ចូរ​ជូន​ប្រាក់​ទៅ​គាត់​ដោយ​មិន​ទើស‌ទាល់ ដ្បិត​ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។

11 នៅ​ក្នុង​ស្រុក​តែងតែ​មាន​អ្នក​ក្រ​ជា‌និច្ច ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក ឲ្យ​មាន​ចិត្ត​ទូលាយ​ដល់​បង‌ប្អូន​របស់​អ្នក ដែល​ក្រីក្រ កំសត់ ទុគ៌ត នៅ​ក្នុង​ស្រុក»។

ឆ្នាំ​ដែល​ត្រូវ​ដោះ​លែង​ខ្ញុំ​បម្រើ

12 «ប្រសិន​បើ​មាន​បង‌ប្អូន​របស់​អ្នក ដែល​ជា​ជន‌ជាតិ​ហេប្រឺ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី មក​លក់​ខ្លួន​ឲ្យ​អ្នក ត្រូវ​ឲ្យ​គេ​នៅ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ ត្រូវ​ដោះ​លែង​គេ​ឲ្យ​ទៅ​វិញ​ចុះ។

13 ប៉ុន្តែ កុំ​ដោះ​លែង​គេ​ឲ្យ​ទៅ​វិញ ដោយ​ដៃ​ទទេ​ឡើយ។

14 ត្រូវ​យក​ភោគ‌ផល​ជា​ព្រះ‌ពរ ដែល​អ្នក​ទទួល​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​មាន​ចៀម ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ ផ្ដល់​ជា​អំណោយ​ដល់​គេ​ផង។

15 ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ដូច្នេះ។

16 ប្រសិន​បើ​ខ្ញុំ​បម្រើ​របស់​អ្នក​ពោល​ថា គេ​មិន​ចង់​ចេញ​ពី​ផ្ទះ​របស់​អ្នក ព្រោះ​គេ​ស្រឡាញ់​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ពេញ​ចិត្ត​នឹង​រស់​នៅ​ជា​មួយ​អ្នក

17 ត្រូវ​យក​ដែក​ចោះ​ត្រចៀក​អ្នក​បម្រើ​នោះ នៅ​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​គេ​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រហូត​ត​ទៅ។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ស្រី​បម្រើ​ដែរ។

18 ពេល​ដោះ​លែង​ខ្ញុំ​បម្រើ អ្នក​មិន​ត្រូវ​នឹក​ស្ដាយ​ឡើយ ព្រោះ​គេ​បាន​នៅ​បម្រើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ ហើយ​ធ្វើ​ការ​ឲ្យ​អ្នក​បាន​ផល​ពីរ​ដង​លើស​កម្មករ ដែល​អ្នក​ជួល​មក​ធ្វើ​ការ​ទៅ​ទៀត។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។

កូន​ដំបូង​របស់​សត្វ

19 «ត្រូវ​ញែក​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​អ្នក គឺ​កូន​គោ​ឈ្មោល និង​កូន​ចៀម​ឈ្មោល ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ប្រើ​កូន​ដំបូង​របស់​គោ សម្រាប់​ភ្ជួរ​រាស់ ហើយ​ក៏​មិន​ត្រូវ​កាត់​រោម​កូន​ដំបូង​របស់​ចៀម​ដែរ។

20 រៀង​រាល់​ឆ្នាំ ចូរ​បរិភោគ​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស។

21 ប្រសិន​បើ​សត្វ​នោះ​ពិការ ខ្វិន​ជើង ខ្វាក់​ភ្នែក ឬ​មាន​ស្លាក‌ស្នាម​កន្លែង​ណា​មួយ កុំ​យក​វា​ទៅ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ។

22 ត្រូវ​បរិភោគ​សត្វ​នោះ​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ មនុស្ស​មិន​បរិសុទ្ធ ឬ​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​បាន​ដូច​គ្នា គឺ​ដូច​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។

23 ប៉ុន្តែ កុំ​បរិភោគ​ឈាម​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34