1 ពេលណាមនុស្សពីរនាក់មានរឿងជាមួយគ្នា ហើយឡើងទៅឲ្យតុលាការកាត់ក្ដី ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្ដី ម្នាក់ទៀតមានទោស។
2 ប្រសិនបើអ្នកមានទោសនោះត្រូវទទួលរំពាត់ ចៅក្រមត្រូវឲ្យគាត់ដេកលើដីនៅចំពោះមុខលោក។ គេត្រូវវាយអ្នកនោះឲ្យសមនឹងកំហុស ដែលខ្លួនបានប្រព្រឹត្ត។
3 ប៉ុន្តែ មិនត្រូវវាយគាត់លើសពីសែសិបរំពាត់ឡើយ បើវាយលើសពីនោះ ក្រែងលោបងប្អូនរួមជាតិរបស់អ្នកត្រូវបាត់បង់កិត្តិយស នៅចំពោះមុខអ្នក។
4 កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។
5 «ពេលបងប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកស្លាប់នោះពុំអាចរៀបការជាមួយអ្នកដទៃឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយា ហើយប្រព្រឹត្តចំពោះនាងតាមភារកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។
6 កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវមានឈ្មោះជាកូនរបស់ប្ដីដែលស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យគេបាត់ឈ្មោះពីចំណោមជនជាតិអ៊ីស្រាអែល។
7 ប្រសិនបើប្អូនប្រុសនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវទៅជួបពួកព្រឹទ្ធាចារ្យនៅមាត់ទ្វារក្រុង ជម្រាបថា “ប្អូនថ្លៃរបស់នាងខ្ញុំមិនព្រមរក្សាឈ្មោះបងប្រុសរបស់ខ្លួន ឲ្យគង់វង្ស នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ គឺគាត់មិនចង់រៀបការជាមួយនាងខ្ញុំ តាមភារកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ”។
8 ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងត្រូវហៅអ្នកនោះមកសួរ។ ប្រសិនបើគាត់នៅតែបដិសេធមិនព្រមរៀបការជាមួយនាងទេនោះ
9 បងថ្លៃត្រូវចូលទៅជិតគាត់ នៅចំពោះមុខពួកព្រឹទ្ធាចារ្យ នាងត្រូវហូតស្បែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្ដោះទឹកមាត់ដាក់មុខគាត់ រួចប្រកាសថា “មនុស្សដែលពុំព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែបាក់មុខដូច្នេះឯង!”។
10 ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គេនឹងដាក់ឈ្មោះក្រុមគ្រួសារអ្នកនោះថា “ពូជអត់ស្បែកជើង”»។
11 «នៅពេលបុរសពីរនាក់កំពុងបោកចំបាប់គ្នា ប្រសិនបើប្រពន្ធរបស់បុរសម្នាក់ចូលទៅជួយប្ដីរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់គូវិវាទ ដោយចាប់ទាញកេរ្តិ៍ខ្មាសរបស់បុរសម្នាក់ទៀត
12 ចូរកាត់ដៃស្ត្រីនោះចោល គឺមិនត្រូវអាណិតមេត្តានាងឡើយ»។
13 «ក្នុងថង់របស់អ្នកមិនត្រូវមានកូនទម្ងន់ពីរខុសគ្នា គឺមួយធ្ងន់ មួយស្រាលឡើយ។
14 ក្នុងផ្ទះរបស់អ្នកក៏មិនមានរង្វាល់ពីរខុសគ្នា គឺមួយធំ មួយតូចដែរ។
15 អ្នកត្រូវតែមានកូនទម្ងន់ និងរង្វាល់ត្រឹមត្រូវ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យ។
16 ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្អប់ខ្ពើមជនដែលប្រព្រឹត្តអំពើគៃបន្លំរបៀបនេះណាស់»។
17 «ចូរកុំភ្លេចនូវអំពើដែលជនជាតិអាម៉ាឡេកបានប្រព្រឹត្តចំពោះអ្នក នៅតាមផ្លូវ ក្រោយពេលអ្នកចាកចេញពីស្រុកអេស៊ីប។
18 ពួកគេបានសំងំចាំអ្នកនៅតាមផ្លូវ ហើយពេលអ្នកអស់កម្លាំងនោះ ពួកគេបានវាយអស់អ្នកដែលដើរយឺតជាងគេនៅតាមក្រោយ។ ពួកគេធ្វើដូច្នេះ មកពីពួកគេមិនកោតខ្លាចព្រះជាម្ចាស់។
19 កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កំចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសឲ្យអ្នកបានសម្រាកនៅក្នុងស្រុក ដែលព្រះអង្គប្រទានឲ្យអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកឲ្យវិនាសសូន្យ កុំឲ្យនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចឲ្យសោះ!»។