1 «អ្នកដែលបែកពងលឹង្គ ឬត្រូវគេកាត់លឹង្គ មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ឡើយ។
2 កូនឥតខាន់ស្លាមិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់បានដែរ។
3 ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់បានទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់ដែរ។
4 ត្រូវធ្វើដូច្នេះរហូតតទៅ ដ្បិតនៅពេលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ពួកគេពុំបានយកអាហារ ឬទឹកមកទទួលអ្នករាល់គ្នានៅតាមផ្លូវទេ តែពួកគេបែរជាសូកលោកបាឡាម ជាកូនរបស់លោកបេអ៊រ អ្នកស្រុកមេសូប៉ូតាមា ឲ្យដាក់បណ្ដាសាអ្នករាល់គ្នាទៅវិញ។
5 ប៉ុន្តែ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនព្រមធ្វើតាមពាក្យរបស់លោកបាឡាមទេ គឺព្រះអង្គបានប្ដូរបណ្ដាសាឲ្យប្រែទៅជាព្រះពរដល់អ្នកវិញ ដ្បិតព្រះអង្គស្រឡាញ់អ្នក។
6 ដូច្នេះ ដរាបណាអ្នកនៅមានជីវិត មិនបាច់គិតគូរដល់សេចក្ដីសុខ ឬសុភមង្គលរបស់ជាតិសាសន៍ទាំងពីរនេះទេ។
7 កុំស្អប់ខ្ពើមជនជាតិអេដុមឡើយ ដ្បិតពួកគេជាបងប្អូនបង្កើតរបស់អ្នក ហើយក៏កុំស្អប់ខ្ពើមជនជាតិអេស៊ីបដែរ ដ្បិតអ្នកធ្លាប់រស់នៅក្នុងស្រុករបស់គេ។
8 កូនចៅរបស់ពួកគេនៅជំនាន់ទីបី អាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះអម្ចាស់បាន»។
9 «ពេលណាអ្នកចេញទៅបោះទ័ព ធ្វើសឹកនឹងខ្មាំងសត្រូវ ចូរចៀសវាងអ្វីៗទាំងអស់ដែលនាំឲ្យសៅហ្មង។
10 ប្រសិនបើទាហានណាម្នាក់កើតហេតុភេទអ្វីនៅពេលយប់ ដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង គេត្រូវតែចាកចេញពីជំរំ មិនអាចចូលទៅវិញឡើយ។
11 នៅពេលល្ងាច គេត្រូវធ្វើពិធីជម្រះកាយ លុះដល់ថ្ងៃលិច គេអាចចូលក្នុងជំរំវិញបាន។
12 ត្រូវរៀបចំឲ្យមានកន្លែងមួយនៅខាងក្រៅជំរំ ជាកន្លែងសម្រាប់ឲ្យអ្នកចេញទៅដោះទុក្ខសត្វ។
13 ត្រូវយកចបមួយជាប់នឹងខ្លួន ប្រើសម្រាប់ជីកដី នៅពេលណាអ្នកចេញទៅដោះទុក្ខសត្វ រួចហើយលុបដីនោះមកវិញ។
14 ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងទៅជាមួយកងទ័ពរបស់អ្នក ដើម្បីការពារអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃអ្នក។ ហេតុនេះ កងទ័ពរបស់អ្នកត្រូវតែវិសុទ្ធ* ដើម្បីកុំឲ្យព្រះអម្ចាស់ទតឃើញការអ្វីមួយមិនគប្បី ហើយចាកចេញពីអ្នក»។
15 «ប្រសិនបើមានទាសករម្នាក់រត់ចេញពីម្ចាស់របស់ខ្លួន មកជ្រកកោនជាមួយអ្នក កុំប្រគល់គេទៅក្នុងកណ្ដាប់ដៃម្ចាស់វិញឡើយ។
16 គេត្រូវស្នាក់នៅជាមួយអ្នក ក្នុងក្រុមគ្រួសាររបស់អ្នក ត្រង់កន្លែងដែលគេជ្រើសរើស គឺក្នុងក្រុងណាមួយរបស់អ្នក ដែលគេពេញចិត្តស្នាក់នៅ។ មិនត្រូវជិះជាន់គេឡើយ»។
17 «មិនត្រូវឲ្យមានស្រីពេស្យា ឬប្រុសពេស្យា ក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ។
18 កុំនាំយកជំនូនរបស់ស្ត្រីពេស្យា ឬប្រាក់កំរៃរបស់ជនអបាយមុខ ចូលមកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ ទោះបីគេយកមកថ្វាយ ដើម្បីលាបំណន់អ្វីមួយក៏ដោយ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនសព្វព្រះហឫទ័យនឹងតង្វាយរបស់ជនទាំងពីរប្រភេទនេះទេ»។
19 «ប្រសិនបើបងប្អូនរួមជាតិរបស់អ្នកខ្ចីប្រាក់ ស្បៀងអាហារ ឬរបស់អ្វីផ្សេងទៀត កុំទាមទារឲ្យគេបង់ការប្រាក់ឡើយ។
20 អ្នកអាចទារការប្រាក់ពីជនបរទេសបាន តែកុំទារពីបងប្អូនរួមជាតិរបស់អ្នកឲ្យសោះ។ ធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់»។
21 «ប្រសិនបើអ្នកបន់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អំពីរឿងអ្វីមួយ ចូរប្រញាប់ធ្វើតាមពាក្យដែលអ្នកបន់នោះ បើមិនដូច្នោះទេ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងទារបំណន់អ្នក ហើយអ្នកនឹងមានបាប។
22 ប្រសិនបើអ្នកមិនបានបន់ទេ នោះអ្នកនឹងគ្មានបាបអ្វីទេ។
23 ប៉ុន្តែ បើអ្នកបន់អ្វីមួយ ចូរធ្វើតាមបំណន់ដែលអ្នកបានបន់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយស្ម័គ្រចិត្តនោះទៅ»។
24 «ប្រសិនបើអ្នកដើរកាត់ចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកអាចបេះផ្លែបរិភោគតាមចិត្ត រហូតដល់ឆ្អែត តែអ្នកមិនអាចបេះដាក់ថង់យកទៅជាមួយឡើយ។
25 ពេលណាអ្នកដើរកាត់ស្រែរបស់អ្នកដទៃ អ្នកអាចយកដៃបូតកួរស្រូវបាន តែអ្នកមិនអាចយកកណ្ដៀវមកច្រូតស្រូវរបស់គេឡើយ»។