ទុតិយ‌កថា 26 KHSV

តង្វាយ​ផល​ដំបូង

1 «ពេល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​ជា​កេរ‌មត៌ក ពេល​ណា​អ្នក​កាន់​កាប់​ទឹក​ដី ព្រម​ទាំង​រស់​នៅ​ក្នុង​ស្រុក​នោះ​ហើយ

2 ចូរ​យក​ផល​ដំបូង​នៃ​ភោគ‌ផល​ទាំង​អស់ ដែល​កើត​ពី​ដី​នៅ​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ដាក់​ក្នុង​ល្អី​មួយ រួច​យក​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ជ្រើស​រើស​ទុក​ជា​ព្រះ‌ដំណាក់​សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

3 អ្នក​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​នៅ​គ្រា​នោះ ជម្រាប​លោក​ដូច​ត​ទៅ: “ថ្ងៃ​នេះ ខ្ញុំ​បាទ​សូម​ប្រកាស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​ថា ខ្ញុំ​បាទ​បាន​ចូល​មក​ដល់​ទឹក​ដី ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​បុព្វបុរស*​របស់​យើង​ថា ប្រគល់​ឲ្យ​យើង​ខ្ញុំ​នេះ​ហើយ”។

4 បូជា‌ចារ្យ​នឹង​ទទួល​ល្អី​ពី​ដៃ​របស់​អ្នក យក​ទៅ​តម្កល់​នៅ​មុខ​អាសនៈ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

5 ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វបុរស​របស់​ខ្ញុំ​បាទ​ជា​ពនេ‌ចរ ជាតិ​អើរ៉ាម លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។

6 ជន‌ជាតិ​អេស៊ីប​បាន​ធ្វើ​បាប និង​សង្កត់‌សង្កិន​យើង​ខ្ញុំ ពួក​គេ​ប្រើ​យើង​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ជា​ទាសករ។

7 យើង​ខ្ញុំ​ក៏​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​យើង​ខ្ញុំ ព្រះ‌អង្គ​ទត​ឃើញ​គេ​សង្កត់‌សង្កិន​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​រង​ទុក្ខ​លំបាក និង​វេទនា​ជា​ខ្លាំង។

8 ព្រះ‌អម្ចាស់​បាន​នាំ​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង​ពូកែ ព្រះ‌អង្គ​សម្តែង​មហិទ្ធិ‌ឫទ្ធិ​គួរ​ស្ញែង​ខ្លាច ព្រម​ទាំង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ។

9 ព្រះ‌អង្គ​នាំ​យើង​ខ្ញុំ​មក​ដល់​ទី​នេះ ហើយ​ប្រទាន​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ឲ្យ​យើង​ខ្ញុំ។

10 ហេតុ​នេះ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ថ្វាយ​ផល​ដំបូង​ពី​ដី​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ”។ ត្រូវ​តម្កល់​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

11 បន្ទាប់​មក ត្រូវ​ជប់‌លៀង​យ៉ាង​សប្បាយ​ជា​មួយ​ពួក​លេវី និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ភោគ‌ផល​ទាំង​ប៉ុន្មាន​មក​ឲ្យ​អ្នក និង​គ្រួសារ​របស់​អ្នក»។

តង្វាយ​មួយ​ភាគ​ដប់

12 «នៅ​ឆ្នាំ​ទី​បី​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់។ ពេល​ណា​អ្នក​ប្រមូល​ភោគ‌ផល​ទាំង​ប៉ុន្មាន​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ដោយ​ឡែក​ហើយ ចូរ​ប្រគល់​តង្វាយ​នោះ​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង កំព្រា និង​ស្ត្រី​មេម៉ាយ​នៅ​តាម​កន្លែង​ដែល​អ្នក​រស់​នៅ ដើម្បី​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត​បរិបូណ៌។

13 ពេល​នោះ អ្នក​ត្រូវ​ទូល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ថា: “អ្វីៗ​ដែល​ទូលបង្គំ​ញែក​ថ្វាយ​ព្រះ‌អង្គ ទូលបង្គំ​បាន​យក​ចេញ​ពី​ផ្ទះ​របស់​ទូលបង្គំ ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ស្រប​តាម​បទ‌បញ្ជា​ទាំង​អស់ ដែល​ព្រះ‌អង្គ​បង្គាប់​មក​ទូលបង្គំ គឺ​ទូលបង្គំ​ពុំ​បាន​ប្រព្រឹត្ត​បំពាន ឬ​ភ្លេច​បទ‌បញ្ជា​ណា​មួយ​របស់​ព្រះ‌អង្គ​ឡើយ។

14 នៅ​ពេល​ទូលបង្គំ​កាន់​ទុក្ខ ទូលបង្គំ​ពុំ​បាន​បរិភោគ​តង្វាយ​មួយ​ភាគ​ដប់​នេះ​ទេ។ ទូលបង្គំ​ពុំ​បាន​ហូត​យក​ទៅ​ប្រើ​សម្រាប់​ការ​អ្វី​ដែល​មិន​បរិសុទ្ធ ហើយ​ក៏​ពុំ​បាន​យក​ទៅ​ឲ្យ​គេ នៅ​ពេល​មាន​មនុស្ស​ស្លាប់​ដែរ។ ទូលបង្គំ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​ទូលបង្គំ។

15 បពិត្រ​ព្រះ‌អម្ចាស់ សូម​ទត​ពី​ស្ថាន​បរម‌សុខ ជា​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ពរ​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​ប្រទាន​ពរ​ដល់​ទឹក​ដី​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង​ខ្ញុំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង​ខ្ញុំ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នេះ”»។

អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់

16 «ថ្ងៃ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​នេះ។ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​គំនិត។

17 ថ្ងៃ​នេះ អ្នក​សុខ​ចិត្ត​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​យល់​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ គោរព​ច្បាប់ បទ‌បញ្ជា និង​វិន័យ​ទាំង‌ឡាយ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ទៀត​ផង។

18 ថ្ងៃ​នេះ​ព្រះ‌អម្ចាស់​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

19 ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ មាន​កិត្តិយស​រុងរឿង មាន​កេរ្តិ៍​ឈ្មោះ​ល្បី ហើយ​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។ អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ សម្រាប់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34