1 មុនពេលទទួលមរណភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ឲ្យពរជនជាតិអ៊ីស្រាអែលដូចតទៅ៖
2 «ព្រះអម្ចាស់យាងមកពីភ្នំស៊ីណៃព្រះអង្គក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះព្រះអង្គបំភ្លឺប្រជារាស្ត្ររបស់ព្រះអង្គពីភ្នំប៉ារ៉ានព្រះអង្គយាងមកជាមួយទេវតា*យ៉ាងច្រើនអនេកអនន្តព្រះអង្គកាន់ក្រឹត្យវិន័យដែលមានពន្លឺដូចភ្លើងមកប្រគល់ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ។
3 ព្រះអង្គស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គរក្សាប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គពួកគេក្រាបនៅទៀបព្រះបាទាដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គ។
4 ក្រឹត្យវិន័យដែលលោកម៉ូសេប្រគល់ឲ្យពួកយើងជាទ្រព្យដ៏មានតម្លៃរបស់កូនចៅលោកយ៉ាកុប។
5 នៅពេលមេដឹកនាំរបស់ជនជាតិយេស៊ូរូននិងកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រាអែលជួបជុំគ្នា ពួកគេទទួលស្គាល់ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់ពួកគេ។
6 សូមឲ្យរូបេនមានជីវិត ឥតស្លាប់ឡើយហើយឲ្យគេកើនចំនួនច្រើនឡើង!។
7 ចំណែកឯកុលសម្ព័ន្ធយូដាវិញ លោកថ្លែងថា:ព្រះអម្ចាស់អើយសូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់យូដាសូមនាំគេឲ្យជានានឹងបងប្អូនរបស់ខ្លួនវិញសូមឲ្យគេជួយការពារបងប្អូនរបស់ខ្លួនហើយសូមព្រះអង្គជួយយូដាក្នុងពេលតទល់នឹងខ្មាំងសត្រូវ។
8 ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា:ព្រះអង្គបានប្រគល់ធូមីម និងយូរីម*ទៅឲ្យកូនចៅលេវីជាអ្នកដែលស្មោះត្រង់នឹងព្រះអង្គបន្ទាប់ពីព្រះអង្គបានល្បងលពួកគេនៅម៉ាសាព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។
9 ពួកលេវីស្រឡាញ់ព្រះអង្គជាងឪពុកម្ដាយបងប្អូន និងកូនចៅរបស់ខ្លួនទៅទៀតដ្បិតពួកគេកាន់តាមព្រះបន្ទូលរបស់ព្រះអង្គហើយរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ។
10 ពួកគេបង្រៀនវិន័យរបស់ព្រះអង្គដល់កូនចៅលោកយ៉ាកុបពួកគេបង្រៀនក្រឹត្យវិន័យរបស់ព្រះអង្គដល់កូនចៅអ៊ីស្រាអែលពួកគេដុតគ្រឿងក្រអូបថ្វាយព្រះអង្គហើយថ្វាយតង្វាយទាំងមូលនៅលើអាសនៈរបស់ព្រះអង្គ។
11 ឱព្រះអម្ចាស់អើយសូមប្រទានឲ្យពួកគេមានកម្លាំងសូមប្រទានពរដល់អ្វីៗដែលពួកគេធ្វើ។សូមបំបាក់ចង្កេះអស់អ្នកប្រឆាំងនឹងពួកគេសូមឲ្យអស់អ្នកដែលស្អប់ពួកគេត្រូវបរាជ័យ ងើបលែងរួច!។
12 ចំពោះកូនចៅបេនយ៉ាមីន លោកថ្លែងថា: ព្រះអម្ចាស់ស្រឡាញ់បេនយ៉ាមីនណាស់គេនៅជាមួយព្រះអង្គយ៉ាងកក់ក្ដៅ ព្រះអម្ចាស់ការពារគេជានិច្ចហើយព្រះអង្គគង់នៅជាមួយគេ។
13 ចំពោះកូនចៅលោកយ៉ូសែបលោកម៉ូសេថ្លែងថា: ព្រះអម្ចាស់នឹងប្រទានពរដល់ស្រុករបស់គេភ្លៀង និងសន្សើមធ្លាក់ចុះពីលើមេឃហើយទឹកក៏ផុសចេញពីក្នុងដីមកស្រោចស្រពទឹកដីរបស់គេយ៉ាងបរិបូណ៌។
14 កម្ដៅថ្ងៃធ្វើឲ្យដំណាំដុះឡើងបង្កើតភោគផលយ៉ាងច្រើនរៀងរាល់ខែ។
15 ស្រុករបស់គេមានភ្នំជុំជិតធ្វើឲ្យដីមានជីជាតិល្អគ្រប់ពេលវេលា។
16 ទឹកដីរបស់គេសម្បូណ៌ទៅដោយភោគទ្រព្យធម្មជាតិ។សូមព្រះអង្គដែលគង់នៅក្នុងគុម្ពោតសន្ដោសដល់កូនចៅយ៉ូសែបដែលជាមេដឹកនាំបងប្អូនរបស់ខ្លួន។
17 កុលសម្ព័ន្ធយ៉ូសែបប្រៀបដូចជាគោបាដែលមានកម្លាំង និងភាពថ្កុំថ្កើងអំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របីដែលប្រហារជាតិសាសន៍ទាំងឡាយហើយរុញច្រានជាតិសាសន៍ទាំងនោះរហូតដល់ទីដាច់ស្រយាលនៃផែនដី។ស្នែងម្ខាង គឺអេប្រាអ៊ីមដែលមានគ្នាច្រើនអនេកអនន្តស្នែងម្ខាងទៀត គឺម៉ាណាសេដែលមានគ្នាច្រើនឥតគណនា។
18 ចំពោះកូនចៅសាប់យូឡូន លោកថ្លែងថា:សាប់យូឡូនអើយ ចូរសប្បាយរីករាយនៅពេលអ្នកចេញទៅច្បាំង!រីឯអ៊ីសាខារវិញចូរសប្បាយរីករាយនៅក្នុងជំរំរបស់អ្នក!
19 ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំនៅទីនោះ ពួកគេនឹងថ្វាយយញ្ញបូជាដ៏សុចរិតដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។
20 ចំពោះកូនចៅកាដ លោកថ្លែងថា:សូមលើកតម្កើងព្រះអម្ចាស់ ដែលប្រទានឲ្យកាដមានទឹកដីទូលំទូលាយ!កាដសំងំដូចសិង្ហញីសំងំចាំចាប់រំពាដោយហែកពីចុងជើងរហូតដល់ក្បាល។
21 កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុកជាចំណែកសម្រាប់មេដឹកនាំកាដដើរនៅមុខប្រជាជនគេបានសម្រេចតាមគម្រោងការរបស់ព្រះអម្ចាស់ហើយប្រព្រឹត្តចំពោះអ៊ីស្រាអែលតាមវិន័យរបស់ព្រះអង្គ។
22 ចំពោះកូនចៅដាន់ លោកថ្លែងថា:ដាន់ប្រៀបបាននឹងសិង្ហស្ទាវដែលលោតសង្គ្រប់ទៅលើស្រុកបាសាន។
23 ចំពោះកូនចៅណែបថាលី លោកថ្លែងថា:ណែបថាលីទទួលការសន្ដោសនិងព្រះពរដ៏លើសលប់ពីព្រះអម្ចាស់ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិចនិងទិសខាងត្បូងចុះ!។
24 ចំពោះកូនចៅអេស៊ើរ លោកថ្លែងថា:សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោមកូនចៅលោកយ៉ាកុប!សូមឲ្យបងប្អូនអាណិតស្រឡាញ់គេហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។
25 រនុកទ្វារធ្វើអំពីដែក និងលង្ហិនផ្ដល់សន្តិសុខឲ្យអេស៊ើរសូមឲ្យកម្លាំងរបស់គេនៅស្ថិតស្ថេរដូចអាយុជីវិតរបស់គេដែរ!។
26 យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើនឹងព្រះរបស់អ្នកឡើយព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នកដោយគង់យ៉ាងរុងរឿងនៅលើពពក*។
27 ព្រះអង្គជាជម្រករបស់អ្នក តាំងពីដើមរៀងមកព្រះហស្ដរបស់ព្រះអង្គទ្រអ្នកជានិច្ចព្រះអង្គដេញខ្មាំងសត្រូវចេញពីមុខអ្នកហើយបញ្ជាឲ្យអ្នកប្រល័យពួកគេ។
28 អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្តកូនចៅរបស់លោកយ៉ាកុបស្ថិតនៅដាច់ពីគេនៅក្នុងស្រុកដែលសម្បូណ៌ទៅដោយស្រូវ និងស្រាទំពាំងបាយជូរថ្មីព្រមទាំងមានសន្សើមធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។
29 អ៊ីស្រាអែលអើយ អ្នកមានសុភមង្គលហើយគ្មានជាតិសាសន៍ណាដែលព្រះអម្ចាស់សង្គ្រោះដូចព្រះអង្គសង្គ្រោះអ្នកឡើយព្រះអង្គជាខែលការពារអ្នក និងជាដាវដែលផ្ដល់ឲ្យអ្នកមានជ័យជំនះ។ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នកហើយអ្នកនឹងជាន់កម្ទេចទីសក្ការៈរបស់ពួកគេដែលនៅតាមទួលខ្ពស់ៗ»។