ទុតិយ‌កថា 27 KHSV

ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ពិធី​រំឭក​អំពី​សម្ពន្ធ‌មេត្រី

ថ្ម​នៅ​ភ្នំ​អេបាល

1 លោក​ម៉ូសេ និង​ក្រុម​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​បង្គាប់​ប្រជា‌ជន​ដូច​ត​ទៅ៖ «ចូរ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។

2 នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ចូរ​បញ្ឈរ​ថ្ម​ធំៗ ហើយ​លាប​កំបោរ​ពណ៌​ស។

3 ចូរ​ចារឹក​ក្រឹត្យ‌វិន័យ*​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​លើ​ថ្ម​ទាំង​នោះ នៅ​ពេល​អ្នក​ឆ្លង​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ។

4 ពេល​ណា​អ្នក​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ចូរ​បញ្ឈរ​ថ្ម​ដែល​ខ្ញុំ​បង្គាប់​ឲ្យ​បញ្ឈរ​នោះ នៅ​លើ​ភ្នំ​អេបាល ហើយ​លាប​កំបោរ​ពណ៌​ស​ផង។

5 បន្ទាប់​មក ចូរ​យក​ថ្ម​ដែល​មិន​ទាន់​មាន​នរណា​យក​ពន្លាក​ដាប់​នៅ​ឡើយ មក​សង់​អាសនៈ*​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក

6 គឺ​ត្រូវ​យក​ថ្ម​ដែល​មិន​ទាន់​ដាប់ សង់​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក រួច​យក​តង្វាយ​ដុត*​ទាំង​មូល​មក​ថ្វាយ​ព្រះ‌អង្គ នៅ​លើ​អាសនៈ​នោះ។

7 ចូរ​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព ហើយ​ជប់‌លៀង​យ៉ាង​សប្បាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

8 ចូរ​ចារឹក​ក្រឹត្យ‌វិន័យ​ទាំង​នេះ​នៅ​លើ​ថ្ម​ឲ្យ​ច្បាស់ៗ»។

9 បន្ទាប់​មក លោក​ម៉ូសេ និង​បូជា‌ចារ្យ*​លេវី ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ៖ «អ៊ីស្រា‌អែល​អើយ ចូរ​ស្ងៀម​ស្ងាត់ ហើយ​ស្ដាប់​ចុះ! ថ្ងៃ​នេះ អ្នក​ក្លាយ​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។

10 ដូច្នេះ ចូរ​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​នេះ»។

11 ថ្ងៃ​ដដែល​នោះ លោក​ម៉ូសេ​បង្គាប់​ប្រជា‌ជន​ដូច​ត​ទៅ៖

12 «កាល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ហើយ កុល‌សម្ព័ន្ធ​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ យ៉ូសែប និង​បេន‌យ៉ាមីន ត្រូវ​ឈរ​នៅ​លើ​ភ្នំ​ការិ‌ស៊ីម ដើម្បី​ប្រកាស​អំពី​ព្រះ‌ពរ​ប្រាប់​ប្រជា‌ជន។

13 រីឯ​កុល‌សម្ព័ន្ធ​រូបេន កាដ អេ‌ស៊ើរ សាប់យូ‌ឡូន ដាន់ និង​ណែប‌ថាលី ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ប្រកាស​អំពី​បណ្ដាសា»។

បណ្ដាសា​ទាំង​ដប់‌ពីរ

14 «ពួក​លេវី​ត្រូវ​ប្រកាស​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​យ៉ាង​ខ្លាំងៗ​ថា:

15 “អ្នក​ណា​ឆ្លាក់​រូប​បដិមា ឬ​សិត​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយ‌បង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

16 “អ្នក​ណា​ប្រមាថ​មើល‌ងាយ​មាតា‌បិតា អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

17 “អ្នក​ណា​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដី‌ធ្លី​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

18 “អ្នក​ណា​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​ខុស​ផ្លូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

19 “អ្នក​ណា​រំលោភ​លើ​សិទ្ធិ​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

20 “អ្នក​ណា​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន! ព្រោះ​គេ​បង្អាប់​កិត្តិយស​របស់​ឪពុក​ខ្លួន”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

21 “អ្នក​ណា​រួម​ដំណេក​ជា​មួយ​សត្វ​ធាតុ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

22 “អ្នក​ណា​រួម​ដំណេក​ជា​មួយ​បង‌ប្អូន​ស្រី​របស់​ខ្លួន ទោះ​បី​ជា​បង‌ប្អូន​ឪពុក​មួយ ឬ​ម្ដាយ​មួយ​ក្ដី អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

23 “អ្នក​ណា​រួម​ដំណេក​ជា​មួយ​ម្ដាយ​ក្មេក​របស់​ខ្លួន អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

24 “អ្នក​ណា​លួច​ប្រហារ​ជីវិត​អ្នក​ដទៃ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

25 “អ្នក​ណា​ទទួល​សំណូក ដើម្បី​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”។

26 “អ្នក​ណា​មិន​គោរព​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​នេះ ហើយ​មិន​ប្រតិបត្តិ​តាម​ទេ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ែន!”»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34