5 ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ។
6 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក។ អ្នកអាចចងការប្រាក់ឲ្យប្រជាជាតិជាច្រើន តែអ្នកមិនត្រូវខ្ចីប្រាក់ពីពួកគេទេ អ្នកនឹងត្រួតត្រាលើប្រជាជាតិជាច្រើន តែពួកគេនឹងមិនត្រួតត្រាលើអ្នកឡើយ។
7 ក្នុងបណ្ដាក្រុងនៃស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ ប្រសិនបើមានបងប្អូនខ្លះរបស់អ្នកធ្លាក់ខ្លួនក្រ មិនត្រូវមានចិត្តកំណាញ់ ឥតរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។
8 ផ្ទុយទៅវិញ ត្រូវជួយគាត់ ដោយឲ្យខ្ចីប្រាក់តាមចំនួនដែលគាត់ត្រូវការ។
9 ចូរប្រយ័ត្ន មិនត្រូវមានចិត្តអាក្រក់ ដោយគិតថា ឆ្នាំទីប្រាំពីរជាឆ្នាំដែលត្រូវលុបបំណុលកាន់តែខិតជិត ហើយអ្នកក៏គ្មានចិត្តមេត្តាដល់បងប្អូនដែលក្រនោះ គឺមិនជួយអ្វីទាំងអស់។ ពេលគាត់ទូលព្រះអម្ចាស់ ចោទប្រកាន់អ្នក នោះអ្នកមុខជាមានបាបមិនខាន។
10 ចូរជូនប្រាក់ទៅគាត់ដោយមិនទើសទាល់ ដ្បិតធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
11 នៅក្នុងស្រុកតែងតែមានអ្នកក្រជានិច្ច ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នក ឲ្យមានចិត្តទូលាយដល់បងប្អូនរបស់អ្នក ដែលក្រីក្រ កំសត់ ទុគ៌ត នៅក្នុងស្រុក»។