1 «នៅខែចេត្រ ចូរប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ដ្បិតនៅយប់ខែចេត្រនេះហើយ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បាននាំអ្នកចាកចេញពីស្រុកអេស៊ីប។
2 ចូរយកចៀម និងគោ ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងឱកាសបុណ្យចម្លង នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។
3 ក្នុងអំឡុងពេលបុណ្យនេះមិនត្រូវបរិភោគនំប៉័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ ជានំប៉័ងនៃទុក្ខលំបាក រំឭកពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីបយ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នកនឹងចងចាំអស់មួយជីវិត អំពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប។
4 ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ក្នុងផ្ទះរបស់អ្នក និងនៅលើទឹកដីទាំងមូលរបស់អ្នក មិនត្រូវឲ្យមានមេដំបែឡើយ រីឯសាច់របស់សត្វដែលអ្នកសម្លាប់ធ្វើយញ្ញបូជានៅល្ងាចទីមួយ ក៏មិនត្រូវទុកមួយយប់រហូតដល់ព្រឹកដែរ។
5 អ្នកមិនអាចថ្វាយយញ្ញបូជានៃពិធីបុណ្យចម្លងនេះ នៅត្រង់កន្លែងណាមួយ ក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានមកអ្នកនោះឡើយ
6 គឺត្រូវថ្វាយយញ្ញបូជានៃពិធីបុណ្យចម្លងនេះ នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ ចូរថ្វាយយញ្ញបូជានៅពេលល្ងាច ជាពេលថ្ងៃលិច គឺចំនឹងពេលដែលអ្នកចាកចេញពីស្រុកអេស៊ីប។