8 ប្រសិនបើព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីឲ្យអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក ហើយប្រសិនបើព្រះអង្គប្រគល់ស្រុកទាំងមូលមកអ្នក ជាស្រុកដែលព្រះអង្គបានសន្យាប្រគល់ឲ្យបុព្វបុរសរបស់អ្នក
9 អ្នកត្រូវបន្ថែមក្រុងបីទៀតពីលើក្រុងបីនោះ។ ប៉ុន្តែ ត្រូវកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីឲ្យអ្នកស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ។
10 ធ្វើដូច្នេះ នឹងគ្មានការប្រហារជីវិតជនស្លូតត្រង់ នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នក ទុកជាកេរមត៌កឡើយ ហើយអ្នកក៏នឹងគ្មានទោសដែរ។
11 ប៉ុន្តែ ប្រសិនបើនរណាម្នាក់មានចិត្តស្អប់អ្នកដទៃ ហើយប្រើកលល្បិច ចាំស្ទាក់វាយប្រហារគេរហូតដល់ស្លាប់ ទោះបីជននោះរត់ទៅជ្រកនៅក្នុងក្រុងជម្រកណាមួយក៏ដោយ
12 ពួកព្រឹទ្ធាចារ្យ*របស់ក្រុងដែលជននោះរស់នៅ ត្រូវចាត់គេឲ្យទៅចាប់ជននោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលមានសិទ្ធិសងសឹក ដើម្បីឲ្យជននោះទទួលទោសដល់ស្លាប់។
13 កុំអាណិតមនុស្សបែបនេះឡើយ ធ្វើដូច្នេះ អ្នកនឹងលុបបំបាត់ជនដែលបង្ហូរឈាមមនុស្សស្លូតត្រង់ឲ្យអស់ពីទឹកដីអ៊ីស្រាអែល ហើយអ្នកនឹងមានសុភមង្គល»។
14 «ពេលណាអ្នកចូលកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យទុកជាកេរមត៌កហើយ មិនត្រូវបង្ខិតបង្គោលរបងចូលទៅក្នុងដីរបស់អ្នកជិតខាង ជារបងដាំដោយអ្នកដែលទៅដល់មុនគេនោះឡើយ»។