ទុតិយ‌កថា 20:16-20 KHSV

16 រីឯ​ក្រុង​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ជា​កេរ‌មត៌ក អ្នក​មិន​ត្រូវ​ទុក​ជីវិត​ឲ្យ​នរណា​ម្នាក់​សោះ​ឡើយ

17 គឺ​អ្នក​ត្រូវ​បំផ្លាញ​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ទុក។

18 ធ្វើ​ដូច្នេះ ពួក​គេ​នឹង​មិន​បង្រៀន​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​ព្រះ​របស់​ខ្លួន ជា​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

19 ប្រសិន​បើ​អ្នក​ឡោម‌ព័ទ្ធ​ទីក្រុង​មួយ អស់​រយៈ​ពេល​យ៉ាង​យូរ ដើម្បី​វាយ​ដណ្ដើម​យក​ក្រុង​នោះ អ្នក​មិន​ត្រូវ​យក​ពូថៅ​កាប់​បំផ្លាញ​ដើម​ឈើ នៅ​ទី​នោះ​ឡើយ។ ត្រូវ​បរិភោគ​ផ្លែ​ឈើ​នោះ គឺ​កុំ​កាប់​វា​ចោល​ឲ្យ​សោះ ដ្បិត​ដើម​ឈើ​នៅ​តាម​ចម្ការ​មិន​មែន​ជា​មនុស្ស​ទេ ដូច្នេះ កុំ​ធ្វើ​សឹក​នឹង​ដើម​ឈើ​ទាំង​នោះ។

20 ក៏​ប៉ុន្តែ ដើម​ឈើ​ណា​ដែល​អ្នក​ឃើញ​ថា​មិន​មែន​ជា​ដើម​ឈើ​ស៊ី​ផ្លែ អ្នក​អាច​កាប់​ដើម​ឈើ​នោះ​យក​ទៅ​ធ្វើ​ជា​ប៉ម ដើម្បី​វាយ​លុក​ក្រុង​ដែល​អ្នក​ធ្វើ​សឹក រហូត​ដល់​អ្នក​វាយ​យក​ក្រុង​នោះ​បាន»។