19 ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្តមនុស្សទាំងអស់
20 គឺការទាំងនេះហើយដែលធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធ។ រីឯការបរិភោគដោយមិនបានធ្វើពិធីលាងដៃនោះ ឥតធ្វើឲ្យមនុស្សក្លាយទៅជាមិនបរិសុទ្ធឡើយ»។
21 បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស និងក្រុងស៊ីដូន។
22 មានស្ត្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖ «ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវអារក្សចូលបណ្ដាលឲ្យវេទនាខ្លាំងណាស់»។
23 ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាងឡើយ។ ពួកសិស្សនាំគ្នាចូលមកជិតព្រះអង្គ ទូលថា៖ «សូមព្រះគ្រូប្រោសប្រណីដល់នាងផង ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។
24 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានចាត់ឲ្យខ្ញុំមករកតែអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ»។
25 ប៉ុន្តែ ស្ត្រីនោះ ចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។