1 ពេលនោះ ព្រះវិញ្ញាណនាំព្រះយេស៊ូទៅវាលរហោស្ថានឲ្យមារ*សាតាំងល្បួង
2 បន្ទាប់ពីបានតមអាហារអស់រយៈពេលសែសិបថ្ងៃ សែសិបយប់មក ព្រះអង្គក៏ឃ្លាន។
3 មេល្បួងចូលមកជិតព្រះអង្គ ពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មទាំងនេះទៅជានំប៉័ងមើល៍!»។
4 ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា“មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ”»។
5 ពេលនោះ មារនាំព្រះអង្គទៅក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ* ដាក់ព្រះអង្គលើកំពូលព្រះវិហារ*
6 ហើយពោលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគម្ពីរមានចែងថា “ព្រះជាម្ចាស់នឹងបញ្ជាឲ្យទេវតា*ចាំទ្រលោក មិនឲ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ”»។
7 ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «ក្នុងគម្ពីរមានចែងទៀតថា “កុំល្បងលព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយ”»។
8 មារក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ព្រមទាំងឲ្យព្រះអង្គឃើញភោគទ្រព្យរបស់នគរទាំងនោះផង។
9 មារទូលព្រះអង្គថា៖ «ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងប្រគល់សម្បត្តិនេះឲ្យ!»។
10 ព្រះយេស៊ូមានព្រះបន្ទូលទៅមារថា៖ «សាតាំងអើយ! ចូរថយចេញទៅ ដ្បិតក្នុងគម្ពីរមានចែងថា “អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះ”»។
11 ពេលនោះ មារក៏ចាកចេញពីព្រះអង្គទៅ ហើយមានពួកទេវតា*នាំគ្នាចូលមកគាល់ និងបម្រើព្រះអង្គ។
12 កាលព្រះយេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គក៏ភៀសចេញទៅស្រុកកាលីឡេ។
13 ព្រះអង្គចាកចេញពីភូមិណាសារ៉ែត ទៅស្នាក់នៅក្រុងកាពើណិម ជិតមាត់សមុទ្រ ក្នុងតំបន់សាប់យូឡូន និងតំបន់ណែបថាលី
14 ដើម្បីឲ្យបានស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការីអេសាយថា៖
15 «ដែនដីសាប់យូឡូន និងដែនដីណែបថាលី ដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ!
16 ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។
17 តាំងពីគ្រានោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាសថា៖ «ចូរកែប្រែចិត្តគំនិត ដ្បិតព្រះរាជ្យ*នៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។
18 កាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីឡេ ទ្រង់ទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។
19 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។
20 អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។
21 ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។
22 អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។
23 ព្រះយេស៊ូយាងកាត់ស្រុកកាលីឡេទាំងមូល ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់ពួកគេ ព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជ្យ* ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និងមនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជាជនឲ្យបានជាផង។
24 ព្រះកិត្តិនាមរបស់ព្រះអង្គក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខគ្រាំគ្រា មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ព្រះអង្គក៏ប្រោសគេឲ្យបានជាទាំងអស់គ្នា។
25 មានមហាជនជាច្រើនពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡឹម ស្រុកយូដា និងពីតំបន់ខាងនាយទន្លេយ័រដាន់ នាំគ្នាដើរតាមព្រះយេស៊ូ។