1 ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកគាល់ព្រះយេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះអង្គ។ គេសុំឲ្យព្រះអង្គសម្តែងទីសម្គាល់មួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។
2 ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «[នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហមអ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។
3 នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសម្គាល់នាសម័យនេះសោះ!]
4 មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះអង្គមិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ»។ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីគេទៅ។
5 ពេលឆ្លងទៅត្រើយម្ខាង ពួកសិស្សភ្លេចយកនំប៉័ងទៅជាមួយ
6 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី* និងមេម្សៅរបស់ពួកខាងគណៈសាឌូស៊ី*ឲ្យមែនទែន»។
7 ពួកសិស្សជជែកគ្នាថា៖ «យើងមិនបានយកនំប៉័ងមកទេ!»។
8 ព្រះយេស៊ូជ្រាបគំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំប៉័ងដូច្នេះ?
9 អ្នករាល់គ្នានៅតែពុំទាន់យល់ទៀតឬ? កាលខ្ញុំចែកនំប៉័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់នោះ អ្នករាល់គ្នាប្រមូលបានប៉ុន្មានល្អី អ្នករាល់គ្នាចាំឬទេ?
10 ហើយកាលខ្ញុំចែកនំប៉័ងប្រាំពីរដុំឲ្យមនុស្សបួនពាន់នាក់ អ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?
11 ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំប៉័ងទេ គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី*ឯណោះ»។
12 ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គចង់ឲ្យគេប្រយ័ត្ននឹងសេចក្ដីដែលពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីបង្រៀន មិនមែនប្រយ័ត្នអំពីមេម្សៅនោះឡើយ។
13 កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារា-ភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស*ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។
14 គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលីយ៉ា អ្នកខ្លះទៀតថាលោកជាព្យាការីយេរេមា ឬជាព្យាការីណាមួយរូប»។
15 ព្រះអង្គសួរគេទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។
16 លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។
17 ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*បានសម្តែងឲ្យអ្នកដឹង។
18 ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំនុំ*របស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំនុំនេះបានឡើយ
19 ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យ*នៃស្ថានបរមសុខឲ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយភនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ»។
20 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមពួកសិស្ស*មិនឲ្យប្រាប់នរណាថា ព្រះអង្គជាព្រះគ្រិស្ដ*ឡើយ។
21 តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*នឹងនាំគ្នាធ្វើបាបព្រះអង្គឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។
22 លោកពេត្រុស*នាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមព្រះជាម្ចាស់មេត្តាអាណិត កុំឲ្យការណ៍នេះកើតមានដល់ព្រះអង្គឡើយ»។
23 ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «នែ៎ មារ*សាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។
24 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ
25 ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។
26 បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
27 លុះដល់បុត្រមនុស្ស*ប្រកបដោយសិរីរុងរឿង ព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវតារបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
28 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញបុត្រមនុស្សយាងមកគ្រងព្រះរាជ្យ*»។