ម៉ាថាយ 11 KHSV

លោក​យ៉ូហាន‌បាទីស្ដ​ចាត់​សិស្ស​ទៅ​ជួប​ព្រះ‌យេស៊ូ

1 កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ផ្ដែ‌ផ្ដាំ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជា‌ជន នៅ​តាម​ភូមិ​នានា។

2 ពេល​នោះ លោក​យ៉ូហាន​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រិស្ដ*​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖

3 «តើ​លោក​ជា​ព្រះ‌គ្រិស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។

4 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ

5 គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។

6 អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ដោយ‌សារ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។

7 ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?

8 តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯ‌ណោះ!។

9 បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ? ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត

10 ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះ‌អង្គ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះ‌អង្គ”។

11 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហាន‌បាទីស្ដ​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។

12 តាំង​ពី​ជំនាន់​លោក​យ៉ូហាន‌បាទីស្ដ​មក​ទល់​សព្វ​ថ្ងៃ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​បាន​រង​នូវ​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​ដណ្ដើម​យក​ព្រះ‌រាជ្យ​នេះ​ផង។

13 តាំង​ពី​ដើម​រហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន ព្យាការី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ព្រះ‌រាជ្យ​នេះ ហើយ​ក្នុង​ក្រឹត្យ‌វិន័យ*​ក៏​មាន​ចែង​ទុក​ដែរ។

14 ជឿ​ខ្ញុំ​ចុះ លោក​យ៉ូហាន​ហ្នឹង​ហើយ​ជា​ព្យាការី​អេលីយ៉ា​ដែល​ត្រូវ​មក។

15 អ្នក​ណា​ឮ​ពាក្យ​នេះ សុំ​យក​ទៅ​ពិចារណា​ទៅ!

16 តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​ជន​ប្រភេទ​ណា? អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​តាម​ផ្សារ ហើយ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថា:

17 “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​ពុំ​ព្រម​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ ក៏​ពួក​ឯង​ពុំ​ព្រម​គក់​ទ្រូង​យំ​ដែរ”។

18 យ៉ាង​ណា‌មិញ លោក​យ៉ូហាន​បាន​មក លោក​តម​អាហារ តម​សុរា តែ​គេ​ថា​លោក​មាន​អារក្ស​ចូល

19 រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ប៉ុន្តែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម​ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ»។

ព្រះ‌យេស៊ូ​បន្ទោស​អ្នក​ក្រុង​នានា​ដែល​ពុំ​ព្រម​ជឿ

20 ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្ដើម​ស្ដី​បន្ទោស​អ្នក​ក្រុង​នានា​យ៉ាង​ខ្លាំង ព្រោះ​គេ​បាន​ឃើញ​ព្រះ‌អង្គ​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុង​របស់​គេ តែ​គេ​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​សោះ៖

21 «អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះជា​មិន​ខាន។

22 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។

23 អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា​អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន​សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ម៉្លេះ​សម​ក្រុង​សូដុម​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស ដរាប​មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។

24 ហេតុ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា»។

ព្រះ‌បិតា និង​ព្រះ‌បុត្រា

25 នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតា​ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូលបង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ទ្រង់​បាន​សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ទ្រង់​បាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។

26 មែន​ហើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្រេច​ដូច្នេះ។

27 ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រា ក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតា​ក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ស្គាល់​នោះ​ដែរ»។

វិន័យ​របស់​ព្រះ‌យេស៊ូ

28 «អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។

29 ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។

30 នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28