ម៉ាថាយ 20 KHSV

ប្រស្នា​អំពី​កម្មករ​ចម្ការ​ទំពាំង‌បាយជូរ

1 «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ដើម្បី​រក​ជួល​កម្មករ​មក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​គាត់។

2 គាត់​ព្រម​ព្រៀង​ជា​មួយ​ពួក​កម្មករ​ជា​ស្រេច​ថា នឹង​ឲ្យ​ប្រាក់​មួយ​ដួង*​ក្នុង​មួយ​ថ្ងៃ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ចម្ការ។

3 ប្រមាណ​ជា​ម៉ោង​ប្រាំ‌បួន​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​អ្នក​ផ្សេង​ទៀត​កំពុង​តែ​ឈរ​នៅ​តាម​ទី​ផ្សារ ឥត​ធ្វើ​អ្វី​សោះ។

4 គាត់​ក៏​និយាយ​ទៅ​កាន់​គេ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ត្រឹម​ត្រូវ”។

5 អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ។ ម្ចាស់​ចម្ការ​ចេញ​ទៅ​សា​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ដប់‌ពីរ និង​ម៉ោង​បី​រសៀល ហើយ​ជួល​អ្នក​ផ្សេង​តាម​របៀប​ដដែល។

6 ប្រមាណ​ជា​ម៉ោង​ប្រាំ​ល្ងាច គាត់​ចេញ​ទៅ​សា​ជា​ថ្មី ឃើញ​អ្នក​ខ្លះ​ទៀត​ឈរ​នៅ​តាម​ទី​ផ្សារ។ គាត់​សួរ​គេ​ថា “ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច ឥត​ធ្វើ​អ្វី​សោះ​ដូច្នេះ?”

7 ពួក​គេ​ឆ្លើយ​ថា “មក​ពី​គ្មាន​នរណា​ជួល​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ទេ!”។ គាត់​ក៏​ពោល​ទៅ​អ្នក​ទាំង​នោះ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ”។

8 លុះ​ដល់​ល្ងាច ម្ចាស់​ចម្ការ​ប្រាប់​ទៅ​អ្នក​កាន់​ប្រាក់​ថា “ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​ឲ្យ​គេ គឺ​ចាប់​ផ្ដើម​ពី​អ្នក​ដែល​ចូល​ធ្វើ​ការ​ក្រោយ​គេ​បង្អស់ រហូត​ដល់​អ្នក​មក​មុន​គេ​បង្អស់”។

9 ពួក​អ្នក​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ម៉ោង​ប្រាំ​ល្ងាច​មក​ដល់ ទទួល​ប្រាក់​ម្នាក់​មួយ​ដួង*ៗ។

10 ពួក​អ្នក​ដែល​ចាប់​ផ្ដើម​ធ្វើ​ការ​មុន​គេ​ក៏​មក​ដល់​ដែរ ហើយ​គិត​ថា នឹង​បាន​ប្រាក់​ច្រើន​ជាង ប៉ុន្តែ គេ​ទទួល​ម្នាក់​មួយ​ដួង​ដូចៗ​គ្នា។

11 គេ​ទទួល​យក​ប្រាក់​ទាំង​រអ៊ូ‌រទាំ​ដាក់​ម្ចាស់​ចម្ការ​ថា

12 “ពួក​អ្នក​ដែល​មក​ដល់​ក្រោយ​នេះ បាន​ធ្វើ​ការ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​ធ្វើ​ការ​ហាល​ថ្ងៃ ហាល​ក្ដៅ ហើយ​លោក​បែរ​ជា​បើក​ប្រាក់​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ​ដែរ!”។

13 ម្ចាស់​ចម្ការ​និយាយ​ទៅ​កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា “សម្លាញ់​អើយ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ អ្នក​បាន​យល់​ព្រម​ធ្វើ​ការ​ឲ្យ​ខ្ញុំ​មួយ​ដួង​ក្នុង​មួយ​ថ្ងៃ​មែន​ឬ​មិន​មែន!

14 ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក ហើយ​ចេញ​ទៅ​ចុះ! ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។

15 តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ត​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?”។

16 ហេតុ​នេះ អ្នក​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ដែល​នៅ​ខាង​មុខ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។

ព្រះ‌យេស៊ូ​ប្រកាស​អំពី​ព្រះ‌អង្គ​ចូល​ទិវង្គត

17 កាល​ព្រះ‌យេស៊ូ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​នាំ​សិស្ស*ទាំង​ដប់‌ពីរ​រូប​ទៅ​ដាច់​ឡែក​ពី​គេ។ នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖

18 «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក។

19 គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​នោះ​ចំអក​ដាក់​លោក យក​រំពាត់​វាយ​លោក ព្រម​ទាំង​ឆ្កាង​សម្លាប់​លោក​ទៀត​ផង ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

សំណូម​ពរ​របស់​ម្ដាយ​លោក​យ៉ាកុប និង​លោក​យ៉ូហាន

20 ពេល​នោះ ភរិយា​របស់​លោក​សេបេ‌ដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ចង់​ទូល​សុំ​អ្វី​មួយ។

21 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះ‌អង្គ​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះ‌អង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។

22 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។

23 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​ឲ្យ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែ​អស់​អ្នក ដែល​ព្រះ‌បិតា​របស់​ខ្ញុំ​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។

24 កាល​សិស្ស*​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​បង‌ប្អូន​ទាំង​ពីរ​នាក់​នេះ​ណាស់។

25 ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ពួក​អ្នក​គ្រប់‌គ្រង​ស្រុក​តែងតែ​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែងតែ​ប្រើ​អំណាច​លើ​ប្រជា​រាស្ត្រ​របស់​ខ្លួន​ដែរ។

26 ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា​វិញ។

27 បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​សិន។

28 បុត្រ​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។

ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ

29 កាល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​យេរីខូ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ

30 ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះ‌យេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។

31 បណ្ដា‌ជន​គំរាម​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។

32 ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​ហៅ​គេ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។

33 គេ​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ផង»។

34 ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​អ្នក​ទាំង​ពីរ​ពន់​ពេក​ណាស់ ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ គេ​មើល​ឃើញ​ភ្លាម ហើយ​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28