1 បន្ទាប់មក ព្រះយេស៊ូយាងចុះទូក ឆ្លងសមុទ្រទៅក្រុងរបស់ព្រះអង្គវិញ។
2 ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាប*ហើយ!”។
3 ពួកអាចារ្យ*ខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះជាម្ចាស់!»។
4 ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ?
5 បើខ្ញុំនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង?
6 ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចអត់ទោសឲ្យមនុស្សនៅក្នុងលោកនេះបានរួចពីបាប»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។
7 អ្នកខ្វិនក៏ក្រោកឡើងដើរត្រឡប់ទៅផ្ទះវិញ។
8 កាលមហាជនបានឃើញដូច្នេះ គេស្ញែងខ្លាចជាខ្លាំង ទាំងនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ដែលបានប្រោសប្រទានអំណាចដ៏អស្ចារ្យយ៉ាងនេះដល់មនុស្សលោក។
9 កាលព្រះយេស៊ូយាងពីទីនោះទៅមុខបន្តិច ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ*។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។
10 បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសិស្សដែរ។
11 ពួកខាងគណៈផារីស៊ី*ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។
12 ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
13 ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថា: “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
14 ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។
15 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬទេ! ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។
16 ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឲ្យសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។
17 ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។
18 កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទាំងនេះទៅគេ មាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង នាងនឹងមានជីវិតរស់ពុំខាន»។
19 ព្រះយេស៊ូក្រោកឡើង យាងទៅជាមួយគាត់ ពួកសិស្ស*ក៏ទៅជាមួយដែរ។
20 មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ
21 ដ្បិតនាងរិះគិតក្នុងចិត្តថា «បើខ្ញុំគ្រាន់តែបានពាល់អាវលោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។
22 ព្រះយេស៊ូបែរទៅក្រោយ ទតឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់នាងបានសង្គ្រោះនាងហើយ»។ ស្ត្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។
23 កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និងឃើញមនុស្សម្នាជ្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖
24 «នាំគ្នាចេញទៅ! ក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ»។ គេចំអកដាក់ព្រះអង្គ។
25 កាលព្រះអង្គដេញគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។
26 ដំណឹងនេះលេចឮខ្ចរខ្ចាយពាសពេញតំបន់នោះទាំងមូល។
27 កាលព្រះយេស៊ូកំពុងតែយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមព្រះអង្គ ស្រែកថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។
28 ពេលព្រះអង្គយាងទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើឲ្យភ្នែកអ្នកភ្លឺបានឬ?»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។
29 ព្រះអង្គក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានព្រះបន្ទូលថា៖ «សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។
30 ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ ព្រះយេស៊ូហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំឲ្យនរណាដឹងឡើយ»។
31 ប៉ុន្តែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះ ឲ្យគេដឹងពាសពេញស្រុក។
32 លុះអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ដែលមានអារក្សចូល មកគាល់ព្រះយេស៊ូ។
33 កាលព្រះអង្គដេញអារក្សចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំងទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ»។
34 ប៉ុន្តែ ពួកខាងគណៈផារីស៊ីពោលថា៖ «គាត់ដេញអារក្សបានដូច្នេះមកពីស្ដេចអារក្សបានប្រគល់អំណាចឲ្យ»។
35 បន្ទាប់មក ព្រះយេស៊ូយាងទៅតាមក្រុង និងតាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ* ព្រមទាំងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យ* ហើយប្រោសអ្នកជំងឺ និងអ្នកពិការគ្រប់ប្រភេទឲ្យបានជាផង។
36 កាលព្រះអង្គទតឃើញមហាជន ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។
37 ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។
38 ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។