ម៉ាថាយ 3 KHSV

លោក​យ៉ូហាន‌បាទីស្ដ​ប្រៀន‌ប្រដៅ​បណ្ដា‌ជន

1 នៅ​គ្រា​នោះ លោក​យ៉ូហាន‌បាទីស្ដ*​មក​ដល់ លោក​ប្រកាស​នៅ​វាល​រហោ‌ស្ថាន*​ស្រុក​យូដា​ថា៖

2 «ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ!»។

3 ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​អំពី​លោក​យ៉ូហាន​នេះ​ថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថា: “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ!”» ។

4 លោក​យ៉ូហាន​មាន​សម្លៀក‌បំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​អំពី​ស្បែក។ លោក​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។

5 អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ស្រុក​យូដា និង​អ្នក​ស្រុក​នៅ​តំបន់​ទន្លេ​យ័រដាន់​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​លោក។

6 គេ​ទទួល​សារ‌ភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ឲ្យ​គេ​ក្នុង​ទន្លេ​យ័រដាន់។

7 កាល​លោក​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​ព្រះ‌ពិរោធ*​របស់​ព្រះ‌ជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ?

8 ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។

9 កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។

10 ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច ដើម​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។

11 ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត ប៉ុន្តែ លោក​ដែល​មក​ក្រោយ​ខ្ញុំ លោក​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​ដោយ​ភ្លើង​វិញ។

12 លោក​កាន់​ចង្អេរ លោក​សម្អាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សម្ដីវិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។

ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក

13 ពេល​នោះ ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​មក​រក​លោក​យ៉ូហាន នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​ឲ្យ​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះ‌អង្គ។

14 ប៉ុន្តែ លោក​យ៉ូហាន​ប្រកែក​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!»។

15 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ទុក​មក»។ លោក​យ៉ូហាន​ក៏​យល់​ព្រម។

16 ពេល​ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ទ្រង់​យាង​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ព្រះ‌អង្គ​ទត​ឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះ‌អង្គ។

17 ពេល​នោះ មាន​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់!»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28