1 ព្រះយេស៊ូត្រាស់ហៅសិស្សទាំងដប់ពីររូបមក ព្រះអង្គប្រទានឲ្យគេមានអំណាចលើវិញ្ញាណអាក្រក់ ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់ប្រភេទឲ្យបានជាផង។
2 សាវ័ក*ទាំងដប់ពីរមាននាមដូចតទៅ: អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និងអនទ្រេ ជាប្អូនរបស់គាត់ យ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេដេ
3 ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ* យ៉ាកុបជាកូនរបស់លោកអាល់ផាយ និងថាដេ
4 ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។
5 ព្រះយេស៊ូចាត់សិស្ស*ទាំងដប់ពីររូបនេះឲ្យទៅ ដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
6 គឺត្រូវទៅស្វែងរកអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។
7 ពេលធ្វើដំណើរទៅ ចូរប្រកាសថា ព្រះរាជ្យ*នៃស្ថានបរមសុខ*មកជិតបង្កើយហើយ។
8 ចូរមើលអ្នកជំងឺឲ្យបានជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យមនុស្សឃ្លង់បានជាស្អាតបរិសុទ្ធ* ដេញអារក្សចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាច ដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។
9 កុំរកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងថង់ឡើយ
10 ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។
11 ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬក្រុងណាមួយចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឲ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។
12 ពេលចូលទៅក្នុងផ្ទះណា ត្រូវជម្រាបសួរអ្នកផ្ទះនោះ
13 ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្ដីសុខសាន្ត នោះសេចក្ដីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងវិលមករកអ្នករាល់គ្នាវិញ។
14 បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្ដាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នករាល់គ្នាផង។
15 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា នឹងទទួលទោសស្រាលជាងអ្នកក្រុងនោះ»។
16 «ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។
17 ចូរប្រយ័ត្ន កុំទុកចិត្តមនុស្សលោកឲ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំរបស់គេ។
18 គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យលោកទេសាភិបាល និងឲ្យស្ដេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះជាឱកាសសម្រាប់ឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យពួកលោក និងឲ្យសាសន៍ដទៃ ដឹងឮទៅវិញ។
19 ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយ នៅពេលនោះតែម្ដង។
20 មិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្តអ្នករាល់គ្នា។
21 បងប្អូននឹងចាប់បញ្ជូនគ្នាឯងទៅឲ្យគេសម្លាប់ឪពុកនឹងចាប់បញ្ជូនកូនទៅឲ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្ដាយ ព្រមទាំងបញ្ជូនទៅឲ្យគេសម្លាប់ទៀតផង។
22 មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ។
23 ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រមនុស្ស*នឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រាអែលទៅទៀត។
24 ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ
25 បើសិស្សចេះបានដូចគ្រូ ហើយអ្នកបម្រើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេឲ្យឈ្មោះម្ចាស់ផ្ទះថា បេលសេប៊ូលទៅហើយ គេមុខជាឲ្យឈ្មោះអ្នកនៅក្នុងផ្ទះនោះរឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន»។
26 «កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតការលាក់កំបាំងទាំងអស់នឹងត្រូវបើកឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មានក៏នឹងត្រូវបើកឲ្យគេដឹងដែរ។
27 អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅលើផ្ទះ។
28 កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយពុំអាចសម្លាប់ព្រលឹងបាននោះឲ្យសោះ គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះទ្រង់អាចធ្វើឲ្យទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុងភ្លើងនរកបាន។
29 ធម្មតាគេលក់ចាបពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។
30 រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នាក៏ព្រះអង្គរាប់អស់ដែរ។
31 ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត»។
32 «អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ។
33 រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏បដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ*ដែរ»។
34 «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកឲ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ តែខ្ញុំមកបំបែកមនុស្សចេញពីគ្នា។
35 ខ្ញុំមក ធ្វើឲ្យកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្ដាយ កូនប្រសាស្រីបែកពីម្ដាយក្មេក។
36 អ្នកដែលនៅក្នុងផ្ទះជាមួយគ្នាក្លាយទៅជាសត្រូវនឹងគ្នា»។
37 «អ្នកណាស្រឡាញ់ឪពុកម្ដាយខ្លាំងជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសិស្ស*របស់ខ្ញុំឡើយ។ អ្នកដែលស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួនខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសិស្សរបស់ខ្ញុំដែរ។
38 អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសិស្សរបស់ខ្ញុំឡើយ។
39 អ្នកណាចង់រក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតព្រោះតែខ្ញុំ នឹងបានជីវិតនោះមកវិញ»។
40 «អ្នកណាទទួលអ្នករាល់គ្នាក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំក៏ដូចជាទទួលព្រះអង្គ ដែលចាត់ខ្ញុំឲ្យមកនោះដែរ។
41 អ្នកណាទទួលព្យាការី*ម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិត*ម្នាក់ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។
42 អ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសិស្ស*របស់ខ្ញុំ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។