17 អ្នកទីពីរក៏ដូច្នោះដែរ គាត់យកប្រាក់ពីរណែននោះទៅរកស៊ី ចំណេញបានពីរណែនទៀត។
18 រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅ ជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។
19 លុះយូរក្រោយមក ម្ចាស់វិលត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយអ្នកទាំងបីនោះ។
20 អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ ដោយពោលថា: “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត”។
21 ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរ មានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។
22 អ្នកទទួលប្រាក់ពីរណែន ក៏យកប្រាក់ដែលចំណេញបានពីរណែនទៀតនោះចូលមកដែរ ហើយជម្រាបថា: “លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានពីរណែនទៀត”។
23 ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។