30 ចំណែកឯអ្នកបម្រើឥតបានការនេះ ចូរយកគាត់ទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោក ខឹងសង្កៀតធ្មេញនោះទៅ!”»។
31 «នៅពេលបុត្រមនុស្សយាងមកជាមួយពួកទេវតា* ប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។
32 ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ
33 គឺឲ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។
34 ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក
35 ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងឲ្យស្នាក់អាស្រ័យ
36 កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកឲ្យយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ”។