ម៉ាថាយ 25:37-43 KHSV

37 ពួក​អ្នក​សុចរិត​ទូល​ព្រះ‌អង្គ​វិញ​ថា: “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះ‌អង្គ​សោយ ឬ​ឃើញ​ព្រះ‌អង្គ​ស្រេក ហើយ​យក​ទឹក​មក​ថ្វាយ​ព្រះ‌អង្គ​សោយ​ពី​អង្កាល់?

38 តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះ‌អង្គ​ឲ្យ​ស្នាក់​អាស្រ័យ ឬ​ឃើញ​ព្រះ‌អង្គ​គ្មាន​សម្លៀក‌បំពាក់ ហើយ​យក​សម្លៀក‌បំពាក់​មក​ថ្វាយ​ព្រះ‌អង្គ​ពី​អង្កាល់?

39 តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ព្រះ‌អង្គ​ពី​អង្កាល់?”។

40 ព្រះ‌មហា‌ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង‌ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។

41 បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថា: “ពួក​ត្រូវ​បណ្ដា‌សា​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច ជា​ភ្លើង​បម្រុង​ទុក​សម្រាប់​ផ្ដន្ទា‌ទោស​មារ*​សាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ!

42 ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​ពុំ​បាន​ឲ្យ​ម្ហូប​អាហារ​យើង​បរិភោគ​ទេ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ឲ្យ​ទឹក​យើង​ពិសា​ដែរ

43 កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ​ឡើយ កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​យើង​ដែរ កាល​យើង​មាន​ជំងឺ និង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ពុំ​បាន​មក​សួរ​សុខ​ទុក្ខ​យើង​ទាល់​តែ​សោះ”។