ម៉ាថាយ 26:3-9 KHSV

3 ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន ជួប‌ជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ ឈ្មោះ​កៃផាស

4 ហើយ​បាន​សម្រេច​ចិត្ត​ជា​មួយ​គ្នា រក​កល‌ល្បិច​ចាប់​ព្រះ‌យេស៊ូ​យក​ទៅ​ធ្វើ​គុត។

5 ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។

6 ព្រះ‌យេស៊ូ​គង់​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។

7 មាន​ស្ត្រី​ម្នាក់​ចូល​មក​រក​ព្រះ‌អង្គ ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​លើស‌លប់។ ពេល​ព្រះ‌យេស៊ូ​កំពុង​សោយ​ព្រះ‌ស្ងោយ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​ព្រះ‌សិរសា​ព្រះ‌អង្គ។

8 ពួក​សិស្ស*​ឃើញ​ដូច្នេះ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ម្ដេច​ក៏​ខ្ជះ‌ខ្ជាយ​អ៊ីចឹង!

9 បើ​យក​ប្រេង​ក្រអូប​នេះ​ទៅ​លក់​មុខ​ជា​បាន​ប្រាក់​ច្រើន សម្រាប់​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ!»។