ម៉ាថាយ 26:56-62 KHSV

56 ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​បោះ​បង់​ចោល​ព្រះ‌អង្គ ហើយ​រត់​បាត់​អស់​ទៅ។

57 លុះ​ចាប់​ព្រះ‌យេស៊ូ​បាន​ហើយ គេ​បណ្ដើរ​ព្រះ‌អង្គ​ទៅ​ដល់​ដំណាក់​របស់​លោក​កៃផាស ជា​មហា​បូជា‌ចារ្យ*។ ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា​ចារ្យ* ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។

58 លោក​ពេត្រុស​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ គាត់​តាម​រហូត​ដល់​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​មហា​បូជា‌ចារ្យ ហើយ​អង្គុយ​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ ចង់​ដឹង​ថា​ហេតុ‌ការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា។

59 ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌អង្គ

60 ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែង‌ក្លាយ​ក៏​ដោយ ក៏​គេ​រក​មិន​បាន​ដែរ។ នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក

61 ពោល​ថា៖ «អ្នក​នេះ​បាន​អះ‌អាង​ថា “ខ្ញុំ​អាច​រុះ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។

62 ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង សួរ​ព្រះ‌អង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​អ្នក​ទាំង​នេះ?»។