រ៉ូម 1:18-24 KCB

18 សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​បង្ហាញ​ពី​ស្ថានសួគ៌​មក​ទាស់​នឹង​គ្រប់​ទាំង​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ដែល​កំពុង​បង្ខាំង​សេចក្ដី​ពិត​ក្នុង​សេចក្ដី​ទុច្ចរិត​

19 ព្រោះ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ព្រះជាម្ចាស់​បាន​ គឺ​បាន​បង្ហាញ​នៅ​ក្នុង​ចំណោម​ពួកគេ​ហើយ​ ដ្បិត​ព្រះជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ។​

20 តាំងពី​កំណើត​ពិភពលោក​មក​ លក្ខណៈ​របស់​ព្រះអង្គ​ដែល​មិន​អាច​មើល​ឃើញ​ គឺ​ព្រះ​ចេស្ដា​ដ៏​អស់កល្ប​ និង​និស្ស័យ​ជាព្រះ​របស់​ព្រះអង្គ​ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តាមរយៈ​អ្វីៗ​ ដែល​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។​ ដូច្នេះ​ ពួកគេ​គ្មាន​សេចក្ដី​ដោះសា​ឡើយ។​

21 ​ទោះជា​ពួកគេ​ស្គាល់​ព្រះជាម្ចាស់​ក៏ដោយ​ ក៏​មិន​តម្កើងព្រះអង្គជា​ព្រះជាម្ចាស់​​​ ឬ​អរព្រះគុណ​ព្រះអង្គ​ដែរ​ ផ្ទុយ​ទៅ​វិញ​ គំនិត​របស់​ពួកគេ​ត្រលប់​ជា​គ្មាន​បាន​ការ​ ហើយ​ចិត្ដ​ល្ងង់ខ្លៅ​របស់​ពួកគេ​ក៏​ត្រលប់​ជា​ងងឹត​

22 ពួកគេ​អះអាង​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា​ ប៉ុន្ដែ​ពួកគេ​ល្ងង់​ទេ​

23 ព្រោះ​ពួកគេ​បាន​ដូរ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​មិន​ចេះ​ស្លាប់​ យក​រូប​សំណាក​របស់​មនុស្ស​ដែល​ពុក​រលួយ​ ព្រមទាំង​សត្វស្លាប​ សត្វ​ជើង​បួន​ និង​សត្វ​លូន​វារ​មក​ជំនួស​វិញ។​

24 ដូច្នេះ​ហើយ​ បានជា​ព្រះជាម្ចាស់​បណ្ដោយ​ពួកគេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ស្មោក​គ្រោក​ទៅ​តាម​ចំណង់​តណ្ហា​របស់​ពួកគេ​ ដែល​ប្រមាថ​រូបកាយ​របស់​គ្នា​ទៅវិញ​ទៅមក។​