1 បងប្អូនអើយ! ចិត្ដប្រាថ្នារបស់ខ្ញុំ និងការអធិស្ឋានទូលសុំដល់ព្រះជាម្ចាស់សម្រាប់ជនជាតិអ៊ីស្រាអែល គឺឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ
2 ដ្បិតខ្ញុំធ្វើបន្ទាល់ពីពួកគេថា ពួកគេមានចិត្ដប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ណាស់ ប៉ុន្ដែមិនមែនដោយប្រាជ្ញាទេ
3 ព្រោះពួកគេមិនយល់អំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយពួកគេខំធ្វើឲ្យខ្លួនឯងបានសុចរិតដោយមិនបានចុះចូលតាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ
4 ដ្បិតព្រះគ្រិស្ដជាអ្នកសម្រេចក្រឹត្យវិន័យ ដើម្បីឲ្យអ្នកជឿទាំងអស់ទទួលសេចក្ដីសុចរិត។
5 លោកម៉ូសេបានចែងទុកអំពីសេចក្ដីសុចរិតដែលមានតាមរយៈក្រឹត្យវិន័យថា អ្នកណាប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនេះឯង
6 ឯសេចក្ដីសុចរិតដែលមានដោយសារជំនឿវិញ មានចែងដូច្នេះថា កុំឲ្យអ្នកគិតក្នុងចិត្ដថា តើអ្នកណានឹងឡើងទៅស្ថានសួគ៌បាន [គឺថាដើម្បីនាំព្រះគ្រិស្ដចុះមក]?
7 ឬតើអ្នកណានឹងចុះទៅក្នុងរណ្ដៅនរក [គឺថាដើម្បីនាំព្រះគ្រិស្ដចេញពីចំណោមពួកមនុស្សស្លាប់]?