រ៉ូម 11:2-8 KCB

2 ព្រះជាម្ចាស់​មិន​បោះបង់​ចោល​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​នោះ​ឡើយ​ ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​អ្វីដែល​បទគម្ពីរ​បាន​ចែង​អំពី​លោក​អេលីយ៉ា​ទេ​ឬអី​ថា​ តើ​គាត់​ទូលអង្វរ​ព្រះជាម្ចាស់​ទាស់​ជាមួយ​ជនជាតិ​អ៊ីស្រាអែល​យ៉ាង​ដូចម្ដេច​ខ្លះ?​

3 គឺ​គាត់​ទូលថា៖​ «ព្រះអម្ចាស់​អើយ!​ ពួកគេ​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​រំលំ​កន្លែង​ថ្វាយ​តង្វាយ​ទាំងឡាយ​របស់​ព្រះអង្គ​ចោល​ ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ រួច​ពួកគេ​រក​សម្លាប់​ខ្ញុំ​ទៀត!»​

4 តើ​ព្រះជាម្ចាស់​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​យ៉ាង​ដូចម្ដេច?​ គឺ​ព្រះអង្គ​ឆ្លើយ​ថា៖​ «យើង​បាន​រក្សា​មនុស្ស​ប្រាំពីរពាន់​នាក់​ទុក​សម្រាប់​យើង​ ជា​ពួកអ្នក​ដែល​មិន​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះបាល»។​

5 ដូច្នេះ​ដែរ​ នៅ​បច្ចុប្បន្ន​នេះ​ ក៏​មាន​អ្នក​នៅ​សល់​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ដោយសារ​ព្រះគុណ​

6 ហើយ​បើ​ដោយសារ​ព្រះគុណ​មែន​ នោះ​មិន​ត្រូវ​អាង​លើ​ការ​ប្រព្រឹត្តិ​ទៀត​ទេ​ បើ​មិន​ដូច្នេះ​ទេ​ ព្រះគុណ​មិន​មែន​ជា​ព្រះគុណ​ទៀត​ទេ។​

7 តើ​យ៉ាង​ដូចម្ដេច​ទៀត?​ អ្វី​ដែល​ជនជាតិ​អ៊ីស្រាអែល​ស្វែង​រក​ នោះ​មិន​បាន​ទទួល​ឡើយ​ ប៉ុន្ដែ​ពួក​ដែល​ត្រូវ​បាន​ជ្រើសរើស​បាន​ទទួល​ ឯ​អ្នក​ឯទៀតៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ចិត្ដ​រឹងរូស​

8 ដូចមាន​សេចក្ដី​ចែង​ទុកថា៖​ «ព្រះជាម្ចាស់​ប្រទាន​វិញ្ញាណ​ស្ពឹក​ស្រពន់​ និង​ភ្នែក​ដែល​មើល​មិន​ឃើញ​ ហើយ​ត្រចៀក​ដែល​ស្ដាប់​មិន​ឮ​ដល់​ពួកគេ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។​