6 ព្រោះអ្នកដែលប្រតិបត្ដតាមថ្ងៃ គេប្រតិបត្ដសម្រាប់ព្រះអម្ចាស់ ឯអ្នកដែលបរិភោគ គេបរិភោគសម្រាប់ព្រះអម្ចាស់ដែរ ដ្បិតគេបានអរព្រះគុណព្រះជាម្ចាស់ ហើយអ្នកដែលមិនបរិភោគ គេក៏មិនបរិភោគសម្រាប់ព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះជាម្ចាស់ដែរ
7 ដ្បិតក្នុងចំណោមយើង គ្មានអ្នកណាម្នាក់រស់នៅដើម្បីខ្លួនឯងទេ ហើយក៏គ្មានអ្នកណាម្នាក់ស្លាប់ដើម្បីខ្លួនឯងដែរ
8 ព្រោះបើយើងរស់នៅ គឺរស់នៅដើម្បីព្រះអម្ចាស់ ហើយបើយើងស្លាប់ គឺស្លាប់ដើម្បីព្រះអម្ចាស់ ដូច្នេះហើយ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងជារបស់ព្រះអម្ចាស់
9 ហេតុនោះហើយបានជាព្រះគ្រិស្ដសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់ និងមនុស្សរស់។
10 ចុះអ្នកវិញ ហេតុអ្វីបានជាថ្កោលទោសបងប្អូនរបស់ខ្លួនដូច្នេះ? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួនដូច្នេះ? ដ្បិតយើងនឹងឈរនៅមុខទីជំនុំជម្រះរបស់ព្រះជាម្ចាស់ទាំងអស់គ្នា
11 ព្រោះមានសេចក្ដីចែងទុកថា ព្រះអម្ចាស់មានបន្ទូលថា យើងមានព្រះជន្មរស់ជានិច្ច ដូច្នេះ ជង្គង់ទាំងអស់ត្រូវលុតចុះនៅចំពោះមុខយើង ហើយអណ្ដាតទាំងអស់ត្រូវប្រកាសទទួលស្គាល់ព្រះជាម្ចាស់។
12 ដូច្នេះ យើងម្នាក់ៗនឹងរៀបរាប់ទូលព្រះជាម្ចាស់ពីអំពើដែលយើងបានធ្វើ