រ៉ូម 15:16-22 KCB

16 គឺ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នកបម្រើ​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​សាសន៍​ដទៃ​ ហើយ​បំពេញ​តួនាទី​ជា​សង្ឃ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ព្រះជាម្ចាស់​ទុក​ជា​តង្វាយ​ដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​ទទួល​យក​ និង​ដែល​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ។​

17 ដូច្នេះ​ នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ខ្ញុំ​មាន​ហេតុផល​អួត​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយ​ព្រះជាម្ចាស់​

18 ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អំពី​អ្វី​ឡើយ​ ក្រៅពី​អ្វី​ដែល​ព្រះគ្រិស្ដ​បាន​ធ្វើ​តាមរយៈ​ខ្ញុំ​សម្រាប់​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្ដាប់​បង្គាប់​ តាមរយៈ​ពាក្យ​សំដី​ និង​ការ​ប្រព្រឹត្ដិ​

19 ដោយ​អំណាច​នៃ​ទីសំគាល់​ ការ​អស្ចារ្យ​ និង​អំណាច​នៃ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់។​ ដូច្នេះ​ហើយ​ ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​នៅ​គ្រប់​ទីកន្លែង​ តាំង​ពី​ក្រុង​យេរូសាឡិម​រហូត​ដល់​ស្រុក​អ៊ីលីរីកុន។​

20 ​ខ្ញុំ​មាន​បំណង​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ដែល​គេ​មិន​ធ្លាប់​ឮ​ព្រះនាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​គ្រឹះ​លើ​គ្រឹះ​របស់​អ្នក​ដទៃ។​

21 ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អស់​អ្នក​ដែល​មិន​ទាន់‍បាន​ទទួល​ដំណឹង​អំពី​ព្រះអង្គ​ នោះ​នឹង​បាន​ឃើញ​ ឯ​អស់​អ្នក​ដែល​មិន​ធ្លាប់​ឮ​ នោះ​នឹង​បាន​យល់»​

22 ហេតុនេះ​បាន​ជា​ខ្ញុំ​ខកខាន​ច្រើន​ដង​ មិន​បាន​មក​ឯ​អ្នក​រាល់គ្នា។​