រ៉ូម 16:18-24 KCB

18 ដ្បិត​ពួក​មនុស្ស​បែប​នេះ​មិន​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ គឺ​ពួកគេ​បម្រើ​ក្រពះ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​បញ្ឆោត​មនុស្ស​ស្លូតត្រង់​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម​ និង​ពាក្យ​បញ្ជោរ។​

19 ដោយសារ​មនុស្ស​ទាំង​អស់​បាន​ដឹង​អំពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​អ្នក​រាល់គ្នា​ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​មាន​ប្រាជ្ញា​ខាង​ការ​ល្អ​ ហើយ​មិន​ពាក់​ព័ន្ធ​ខាង​ការ​អាក្រក់។​

20 ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​នឹង​កម្ទេច​អារក្ស​សាតាំង​ឲ្យ​នៅ​ក្រោម​ជើង​របស់​អ្នក​រាល់គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ។​ ដូច្នេះ​ សូម​ឲ្យ​អ្នក​រាល់គ្នា​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង។​

21 លោក​ធីម៉ូថេ​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ និង​លោក​លូគាស​ លោក​យ៉ាសុន​ លោក​សូសិប៉ាត្រុស​ ជា​សាច់​ញាតិ​របស់​ខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

22 ខ្ញុំ​ឈ្មោះ​ទើទាស​ជា​អ្នក​សរសេរ​សំបុត្រ​របស់​លោក​ប៉ូល​នេះ​ ក៏​សូម​ជម្រាបសួរ​ដល់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ដែរ។​

23 លោក​កៃយ៉ូស​ជា​ម្ចាស់​ផ្ទះ​ដែល​ទទួល​ខ្ញុំ​ ព្រមទាំង​ក្រុមជំនុំ​ទាំង​អស់​បាន​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ឯ​លោក​អេរ៉ាស្ទុស​ ជា​អ្នក​គ្រប់គ្រង​ឃ្លាំង​ប្រាក់​របស់​ក្រុង​ និង​លោក​ក្លើតុស​ជា​បងប្អូន​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

24 [សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ អាម៉ែន។]​