រ៉ូម 3:24-30 KCB

24 ប៉ុន្ដែ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិតថ្លៃ​ឡើយ​ ដោយសារ​ព្រះគុណ​របស់​ព្រះអង្គ​ ​តាមរយៈ​ការ​ប្រោស​លោះ​ ដែល​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​

25 គឺ​ព្រះជាម្ចាស់​បាន​ប្រគល់​ព្រះយេស៊ូ​ទុកជា​យញ្ញបូជា​ប្រោសលោះ​ដោយសារ​ឈាម​របស់​ព្រះអង្គ​តាមរយៈ​ជំនឿ​ ដើម្បី​បង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់។​ ព្រះជាម្ចាស់​មិន​បាន​ដាក់​ទោស​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ដ​កាល​ពី​មុន​ទេ​

26 ដោយសារ​សេចក្ដី​អត់ធ្មត់​របស់​ព្រះអង្គ​ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​គ្រា​នេះ​ ដូច្នេះ​ ព្រះអង្គ​ផ្ទាល់​សុចរិត​ ​ព្រមទាំង​រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូ​ជា​សុចរិត​ដែរ។​

27 ដូច្នេះ​ហើយ​ តើ​យើង​មាន​អ្វី​អួតអាង?​ គ្មាន​ទេ!​ ចុះ​សំអាង​លើ​គោលការណ៍​អ្វី?​ គោលការណ៍​នៃ​ការ​ប្រព្រឹត្ដិ​ឬ?​ ទេ​ មិន​មែន​ទេ​ គឺ​សំអាង​លើ​ក្រឹត្យក្រម​នៃ​ជំនឿ​វិញ!​

28 ដ្បិត​យើង​យល់​ឃើញ​ថា​ មនុស្ស​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​ មិន​មែន​ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យទេ។​

29 តើ​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ជនជាតិ​យូដា​ប៉ុណ្ណោះ​ឬ?​ តើ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ​ទេ​ឬ?​ មែន​ហើយ​ ​ព្រះអង្គ​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ​

30 ព្រោះ​មាន​ព្រះជាម្ចាស់​តែ​មួយ​អង្គ​ទេ​ ព្រះអង្គ​នឹង​រាប់​អ្នក​កាត់ស្បែក​ និង​អ្នក​មិន‍​កាត់ស្បែក​ជា​សុចរិត​ដោយសារ​ជំនឿ។​