13 ព្រះបន្ទូលសន្យាសម្រាប់លោកអ័ប្រាហាំ ឬដល់ពូជពង្សរបស់គាត់ដែលថា គាត់នឹងបានផែនដីជាមរតក នោះមិនមែនតាមរយៈគម្ពីរវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ
14 បើពួកអ្នកធ្វើតាមគម្ពីរវិន័យជាអ្នកស្នងមរតក នោះជំនឿត្រលប់ជាគ្មានប្រយោជន៍ ហើយព្រះបន្ទូលសន្យាក៏គ្មានតម្លៃដែរ។
15 រីឯគម្ពីរវិន័យនាំឲ្យមានសេចក្ដីក្រោធ ដ្បិតកន្លែងណាគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។
16 ដូច្នេះហើយ តាមរយៈជំនឿស្របតាមព្រះគុណ ដែលព្រះបន្ទូលសន្យាត្រលប់ជាការពិតសម្រាប់ពូជពង្សទាំងអស់របស់លោកអ័ប្រាហាំ គឺមិនមែនសម្រាប់តែអស់អ្នកធ្វើតាមគម្ពីរវិន័យប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលមានជំនឿរបស់លោកអ័ប្រាហាំដែរ ដ្បិតគាត់ជាឪពុករបស់យើងទាំងអស់គ្នា
17 ដូចមានសេចក្ដីចែងទុកថា៖ «យើងបានតាំងអ្នកឲ្យធ្វើជាឪពុករបស់ជនជាតិជាច្រើន»។ គាត់ជាឪពុករបស់យើងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ ដែលគាត់បានជឿ គឺជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់វិញ និងមានបន្ទូលឲ្យអ្វីដែលគ្មានរូបរាងត្រលប់ជាមានរូបរាង។
18 នៅពេលគាត់អស់សង្ឃឹម គាត់បានមានសង្ឃឹមឡើងវិញដោយសារគាត់មានជំនឿ ដូច្នេះហើយ គាត់បានត្រលប់ជាឪពុករបស់ជនជាតិជាច្រើន ស្របតាមសេចក្ដីដែលបានសន្យាថា៖ «ពូជពង្សរបស់អ្នកនឹងបានដូច្នេះ»។
19 ទោះបីរូបកាយរបស់គាត់មានអាយុជិតមួយរយឆ្នាំ ដែលចាត់ទុកដូចជាស្លាប់ ហើយផ្ទៃរបស់សារ៉ាមិនអាចមានកូនក៏ដោយ ក៏ជំនឿរបស់គាត់មិនចុះខ្សោយឡើយ។