1 ដូច្នេះ ឥឡូវនេះ អស់អ្នកនៅក្នុងព្រះគ្រិស្ដយេស៊ូគ្មានទោសទៀតឡើយ
2 ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិតក្នុងព្រះគ្រិស្ដយេស៊ូបានដោះខ្ញុំឲ្យរួចពីគោលការណ៍របស់បាប និងគោលការណ៍របស់សេចក្ដីស្លាប់
3 ព្រោះអ្វីដែលគម្ពីរវិន័យមិនអាចធ្វើបានដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះជាម្ចាស់បានធ្វើរួចហើយ គឺបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកដោយមានលក្ខណៈដូចជាសាច់ឈាមដែលមានបាប ហើយព្រះអង្គបានដាក់ទោសបាបដែលមាននៅក្នុងសាច់ឈាមនោះ
4 ដើម្បីឲ្យបញ្ញត្ដិរបស់ក្រឹត្យវិន័យបានសម្រេចនៅក្នុងយើង ដែលមិនបានរស់នៅតាមសាច់ឈាម ហើយរស់នៅតាមព្រះវិញ្ញាណ។
5 ដ្បិតអ្នកណារស់នៅតាមសាច់ឈាម អ្នកនោះគិតតែអំពីខាងសាច់ឈាមទេ ឯអ្នកណារស់នៅតាមព្រះវិញ្ញាណ អ្នកនោះក៏គិតតែអំពីខាងព្រះវិញ្ញាណដែរ
6 ព្រោះគំនិតខាងសាច់ឈាមនាំទៅរកសេចក្ដីស្លាប់ ឯគំនិតខាងព្រះវិញ្ញាណនាំទៅរកជីវិត និងសេចក្ដីសុខសាន្ត។