21 អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកនឹងបានដោះឲ្យរួចពីភាពជាបាវបម្រើរបស់សេចក្ដីពុករលួយទៅឯសេរីភាពនៃសេចក្ដីរុងរឿងរបស់កូនព្រះជាម្ចាស់
22 ដ្បិតយើងដឹងថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកក៏ស្រែកថ្ងូរ ទាំងឈឺចាប់ជាមួយគ្នារហូតដល់ពេលនេះ
23 ហើយមិនត្រឹមតែប៉ុណ្ណោះទេ យើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ស្រែកថ្ងូរនៅក្នុងចិត្ដ ទាំងទន្ទឹងរង់ចាំការទទួលធ្វើជាកូនចិញ្ចឹម គឹជាសេចក្ដីប្រោសលោះដល់រូបកាយរបស់យើងដែរ
24 ដ្បិតយើងសង្ឃឹមថាបានសង្គ្រោះ ប៉ុន្ដែសេចក្ដីសង្ឃឹមនេះមិនមែនជាសេចក្ដីសង្ឃឹមដែលអាចមើលឃើញទេ តើមានអ្នកណាសង្ឃឹមចង់បានអ្វីដែលខ្លួនកំពុងមើលឃើញនោះ?
25 ប៉ុន្ដែបើយើងសង្ឃឹមលើអ្វីដែលមិនអាចមើលឃើញ នោះយើងមុខជាទន្ទឹងរង់ចាំដោយអំណត់។
26 ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានយ៉ាងដូចម្ដេចទេ ប៉ុន្ដែព្រះវិញ្ញាណផ្ទាល់បានទូលអង្វរជំនួសយើងដោយសំឡេងថ្ងូរដែលរកថ្លែងមិនបាន
27 ឯព្រះអង្គដែលឈ្វេងយល់ចិត្តរបស់មនុស្ស ព្រះអង្គដឹងពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរជំនួសពួកបរិសុទ្ធត្រូវនឹងបំណងរបស់ព្រះជាម្ចាស់។