រ៉ូម 8:29-35 KCB

29 ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន​

30 ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជាស្រេច​ទាំង​នេះ​ ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ ព្រះអង្គ​ក៏​រាប់​ជា​សុចរិត​ ហើយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​ ព្រះអង្គ​ក៏​លើក​តម្កើង​ឡើង។​

31 ដូច្នេះ​ តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច​ចំពោះ​សេចក្ដី​ទាំង​នេះ?​ បើ​ព្រះជាម្ចាស់​នៅ​ខាង​យើង​ តើ​អ្នកណា​ទាស់​ជាមួយ​យើង​បាន?​

32 ព្រះអង្គ​ដែល​មិន​បាន​សំចៃ​ទុក​សូម្បី​តែ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​បញ្ជូន​មក​សម្រាប់​យើង​ទាំង​អស់​គ្នា​ តើ​ព្រះអង្គ​នឹង​មិន​ប្រោស​ប្រទាន​អ្វីៗ​ទាំង​អស់​ដល់​យើង​ជាមួយ​ព្រះរាជ​បុត្រា​ដែរ​ទេ​ឬ?​

33 តើ​អ្នកណា​នឹង​ចោទ​ប្រកាន់​ពួកអ្នក​ដែល​ព្រះជាម្ចាស់​ជ្រើសរើស​បាន?​ ដ្បិត​ព្រះជាម្ចាស់​គឺ​ជា​អ្នក​ដែល​រាប់​ពួកគេ​ជា​សុចរិត។​

34 តើ​អ្នកណា​ជា​អ្នក​ដាក់​ទោស​គេ?​ ដ្បិត​ព្រះគ្រិស្ដ​យេស៊ូ​បាន​សោយ​ទិវង្គត​ ហើយ​លើស​ពី​នេះ​បាន​រស់​ឡើង​វិញ​ទៀត​ ព្រមទាំង​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ដ‍​របស់​ព្រះជាម្ចាស់​ដែរ​ ព្រះអង្គ​ជា​អ្នក​ទូលអង្វរ​ជំនួស​យើង​ទៀត​ផង​។

35 តើ​អ្នកណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន?​ តើ​ជា​សេចក្ដី​វេទនា​ សេចក្ដី​លំបាក​ ការ​បៀតបៀន​ សេចក្ដី​អត់ឃ្លាន​ សេចក្ដី​អាក្រាត​ សេចក្ដី​អន្តរាយ​ ឬ​ក៏​ដាវ?​